សង្គម

ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ បានកំពុងចាត់វិធានការយ៉ាងតឹងរឹង ចំពោះរថយន្តធំៗដែលដឹកលើសទម្ងន់

image


អត្ថបទ៖ សេង ទ្បុង

ត្បូងឃ្មុំ៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការពង្រឹង វិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ នោះ, ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងក្នុងខេត្តត្បូងឃ្មុំ បានកំពុងចាត់វិធានការច្បាប់យ៉ាងតឹងរឹងចំពោះរថយន្តធំៗដែលដឹកលើសទម្ងន់ ។

បើតាមមន្រ្តីនៅស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង បានឱ្យដឹងថា សព្វថ្ងៃ គ្រប់រថយន្តដឹកជញ្ជូនធំៗទាំងអស់ ត្រូវតែចូលថ្លឹង ដើម្បីអនុវត្តតាមច្បាប់ ហើយបើរកឃើញថា រថយន្តដឹកលើសទម្ងន់ គឺត្រូវធ្វើការផាកពិន័យ និងរើទំនិញចេញ ទើបអនុញ្ញាតឲ្យបន្តទៅមុខទៀត។ ការអនុវត្តបែបនេះ គឺដើម្បីជាប្រយោជន៍ក្នុងការថែរក្សាផ្លូវថ្នល់ និងសុវត្ថិភាព។

ទោះជាយ៉ាងណា ក៏មានអ្នកបើកបរមួយចំនួន បានដឹកលើសទម្ងន់ និងព្យាយាមបើកវាងស្ថានីយថ្លឹង ប៉ុន្តែមួយចំនួន ត្រូវបានស្ទាក់ចាប់ និងធ្វើការពិន័យតាមច្បាប់ និងឲ្យរើទំនិញដែលលើសចេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គ្រប់ម្ចាស់យានយន្តដឹកទំនិញទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទបញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្នុងករណីមិនអនុវត្ត ប្រធានស្ថានីយជញ្ជីងអចល័ត ឬក្រុមជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទបញ្ញត្តិដូចមានចែងក្នុងមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់៕



ព័ត៌មានទាក់ទង...