ក្រុមបាតុករសម្រុកចូលវិមាននាយករដ្ឋមន្ត្រីអាមេនីដេីម្បីតវ៉ាប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអាស៊ែបៃហ្សង់

សាច់រឿង៖ក្រុមអ្នកតវ៉ា នៅថ្ងៃអង្គារនេះ បានប្រមូលផ្តុំគ្នានៅជិតវិមាននាយករដ្ឋមន្រ្តីអាមេនី ស្ថិតនៅក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) គឺប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ ត្រូវបានប្រកាស។
នៅក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេឃេីញមនុស្សមួយក្រុមបានធាក់ទ្វារកញ្ចក់ ហើយសម្រុកចូលទៅក្នុងវិមានរដ្ឋាភិបាលនៅក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ ដោយទាមទារជួបនាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan)។
ក្រុមអ្នកតវ៉ាបានវាយបំបែកទ្វារ និងគ្រឿងសង្ហារិមនៅក្នុងបន្ទប់ប្រជុំ។ នាយករដ្ឋមន្រ្តីអាមេនីបាននិយាយថាអ្នកដែលពាក់ព័ន្ធនឹងចលាចលនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។
ប្រទេសអាមេនី, អាស៊ែបៃហ្សង់ និងរុស្ស៊ី បានប្រកាសនៅថ្ងៃអង្គារនេះថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះយោធាពាក់ព័ន្ធនឹងតំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) បន្ទាប់ពីមានការបង្ហូរឈាមអស់រយៈពេលជាងមួយខែ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាអស់រយៈពេល៦សប្ដាហ៍ និងការរុលទៅមុខមិនឈប់របស់កងកម្លាំងអាស៊ែបៃហ្សង់៕
