ព័ត៌មានជាតិ

ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់មន្ត្រីដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា ឱ្យឈប់សម្រាកពីការងារ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ

image

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ដល់មន្ត្រីដែលពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យឈប់សម្រាកពីការងារ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នៅតាមផ្ទះរៀងៗខ្លួន និងរញ្ជើញធ្វើតេស្តនៅទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យបានច្បាស់លាស់តាមវិធានការនានាដែលក្រសួងសុខាភិបាលបានកំណត់។  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ 

ក្នុងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុក ព្រឹត្តិការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា បានធ្វើឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តមួយចំនួនទៀតមានការបារម្ភអំពីវីរុសកូវីដ-១៩ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឯកអគ្គរដ្ឋទូតហុងគ្រី និងអ្នកការពារសរុបចំនួន ៤រូប ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩។ ដើម្បីត្រួតត្រាសភាពការណ៍នេះបានល្អ ជៀសវាងការរីករាលដាលទូទាំងប្រទេស ដែលអាចបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ជម្រើសតែមួយគត់ គឺការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត តាមបទប្បញ្ញត្តិ និងបម្រាមនានារបស់ក្រសួងសុខាភិបាល។

ក្នុងន័យនេះ ជាការប្រាប់ទៅថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងគ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្តី និងដោយប្រយោលក្តីនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០ ត្រូវសម្រាកពីការងារមួយរយៈសិន ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន និងទៅធ្វើតេស្តនៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានច្បាស់លាស់តាមវិធានការនានាដែលក្រសួងសុខាភិបាលបានកំណត់។

ក្នុងករណីផ្ទះសម្បែងមានលក្ខណៈតូចចង្អៀត ឬគ្មានទីកន្លែងសមស្របសម្រាប់ការធ្វើចត្តាឡីស័កទេ ត្រូវទាក់ទងជាបន្ទាន់ទៅក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា។ នេះបើតាមការបញ្ជាក់ដោយទីស្តីការគណៈរដ្ឋមន្ត្រី៕