ព័ត៌មានជាតិ

សមត្ថកិច្ចបានរំដោះប្រពន្ធមេខ្លោងគ្រឿងញៀនចេញពីជនសង្ស័យបានហើយ

image

កណ្ដាល៖ មេខ្លោងគ្រឿងញៀននៅតែបន្តបាញ់គំរាមលើសមត្ថកិច្ចជាច្រើនគ្រាប់ដើម្បីរំដោះខ្លួន ប៉ុន្តែសមត្ថកិច្ចមានវិធានការខ្ពស់ក្នុងការការពារខ្លួន ជាមួយនឹងយុទ្ធសាស្រ្ត ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់កើតឡើង ខណៈជនសង្ស័យបានប្រើប្រាស់កាំភ្លើងអាកាបាញ់ជាច្រើនគ្រាប់ និងជាច្រើនលើក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលបានដឹកនាំកម្លាំងដោយផ្ទាល់ មានទាំងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានបញ្ជាក់ឱ្យដឹងនៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា កម្លាំងរបស់លោកបានរំដោះប្រពន្ធរបស់ជនសង្ស័យ ពីកន្លែងពួកគេលាក់ខ្លួននោះហើយ។ ការរំដោះប្រពន្ធជនសង្ស័យនោះដោយសារសមត្ថកិច្ចព្រួយបារម្ភថា ជនសង្ស័យអាចនឹងចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង គំរាមសមត្ថកិច្ច ក៏ដូចជាមានអំពើឬសកម្មភាពណាមួយកើតឡើង។ ដោយឡែកកូនរបស់ជនសង្ស័យ ឮដំណឹងថាបានរត់ទៅផ្ទះខាងឪពុកម្ដាយជនសង្ស័យ។ 

លោកស្នងការបានបន្តថា ទោះជាមានការបាញ់ជាច្រើនគ្រាប់ពីជនសង្ស័យ មកលើសមត្ថកិច្ចក៏ដោយ ជាគោលការណ៍កម្លាំងត្រូវតែព្យាយាមធ្វើយ៉ាងណាប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារខ្លួន និងឃាត់ជនសង្ស័យឱ្យបាន។ បច្ចុប្បន្នកម្លាំងនៅតែបន្តឡោមព័ទ្ធ និងរកវិធីដើម្បីឱ្យជនសង្ស័យសារភាព ប្រគល់ខ្លួនឱ្យសមត្ថកិច្ច បញ្ចៀសការគ្រោះថ្នាក់កើតឡើង។

ចំពោះសិទ្ធិការពារខ្លួនសមត្ថកិច្ចក៏យកចិត្តទុកដាក់ខ្ពស់់ និង មានគោលដៅឃាត់ខ្លួនជនសង្ស័យ ឱ្យបានតាមបញ្ជារបស់លោកស្នងការ ដោយមិនមានគ្រោះថ្នាក់ណាមួយការឡើង ជាពិសេសអាចនឹងនាំខ្លួនមេខ្លោងរូបនេះ ឈានដល់បើកការស៊ើបអង្កេតស្រាវជ្រាវរកជនដែលពាក់ព័ន្ធក្នុងបទល្មើសគ្រឿងនោះ៕

ព័ត៌មានទាក់ទង...