ព័ត៌មានជាតិ

បង្រ្កាបរថយន្តមួយគ្រឿងដឹកមាន់ចេញពីថៃគ្មានច្បាប់ សង្ស័យមាន់មានជំងឺ

image

កំពង់ធំ៖ មន្ត្រីការិយាល័យផលិតកម្មបសុព្យាបាល(ពេទ្យសត្វ) ខេត្តកំពង់ធំ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ ធ្វើការឃាត់រថយន្តដឹកសត្វមាន់មិនមានច្បាប់មួយគ្រឿង ដែលកំពុងតែចរាចរលើផ្លូវជាតិលេខ៦ ចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមការឱ្យដឹងពីអ្នកបើកបររថយន្តនោះ បានឱ្យដឹងថា មាន់នោះ បានដឹកចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តត្បូងឃ្មុំ ដែលមានមានចំនួន ៦៥០ក្បាល មានម្ចាស់ឈ្មោះ សឿន ភេទប្រុស ហើយការដឹកជញ្ជូននោះ បានធ្វើឡើងជារៀងរាល់ថ្ងៃ ព្រោះបានបង់ជូនសមត្ថកិច្ចតាមផ្លូវ ក្នុងខេត្តកំពង់ធំ អស់ហើយ មិនត្រូវបានចាប់នោះទេ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោយពីបានពិនិត្យមាន់នៅក្នុងរថយន្តដែលមានចំនួន ៦៥០ក្បាល គឺប្រភពមាន់ដឹកចេញពីប្រទេសថៃ យកមកស្តុកទុកនៅខេត្តសៀមរាប និងដឹកបន្តទៅខេត្តត្បូងឃ្មុំ មិនមានលិខិតអនុញ្ញាតបញ្ជាក់ពីសុខភាពសត្វ ដែលនាំឱ្យមានការសង្ស័យថា មាន់ទាំងនោះមានជំងឺផ្ដាសសាយបក្សី ដែលបណ្ដាលឱ្យមាន់ងាប់ជាច្រើនក្បាល។

ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វរូបនោះ បានបញ្ជាក់ថា លោកបានឱ្យមន្ត្រីជំនាញ យកសំណាកមាន់នោះផ្ញើទៅក្រសួងដើម្បីពិនិត្យ លុះត្រាតែខាងក្រសួងបញ្ជាក់ពីសុខភាពមាន់ ទើបសម្រេចថានឹងចាត់វិធានការតាមនិតិវិធីច្បាប់ ចំពោះមាន់ដែលដឹកឆ្លងកាត់នោះ។ ក្រៅពីនោះក៏តម្រូវឱ្យមានលិខិតបញ្ជាក់ពីសុខភាពសត្វ និងមានលិខិតត្រឹមត្រូវ ដើម្បីការពារ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ។

យោងតាមប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មាន់នោះជាមាន់ថៃ ហើយការដឹកជញ្ជូននោះគឺ មិនមានច្បាប់អនុញ្ញាតទេ ដោយបានធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់ថ្ងៃ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅទម្លាក់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៕

ព័ត៌មានទាក់ទង...