ព័ត៌មានជាតិ

ប្រជាកសិករជាង ២៣០០គ្រួសារ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល 

image

អត្ថបទ៖នាង ចន្ថា

ក្រចេះ៖ ប្រជាកសិករជាង ២៣០០នាក់ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​កន្លងមកនៅក្នុងខេត្តក្រចេះ បាន​ទទួល​ពូជស្រូវពីរាជរដ្ឋាភិបាល តាមរយៈលោក ហ៊ុន ម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០​២០ នេះ ។

លោក ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្ដេច​តែង​តែ​គិតគូរពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​រងគ្រោះ ដោយ​សារ​ទឹក​ជំនន់ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំ​បាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ ។ លោកថា  រាជរដ្ឋាភិបាល​កម្ពុជា បានខិតខំយ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម​ឧស្សាហកម្ម ដែល​កំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សា​សន្តិសុខ​ស្បៀង​អាហារ​ជូន​ប្រជាជន​កម្ពុជា និងកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក្នុងពេលប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹក​ជំនន់​ផងដែរ ។

ពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានគ្រាប់ស្រូវពូជ ចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។ 

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ក្នុងនោះមានមកពីស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕