រយៈពេល ៣ ខែ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលជំនួយ ជិត៥លានដុល្លារ និងប្រាក់រៀល ជាង៣.៥០០លានរៀល
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបចំនួន ៣.៥៣៧.៦៤៦.១៥០រៀលនិង៤.៩១៥.០៩៥ដុល្លារសហរដ្ឋអាមេរិក។

តាមរយៈសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការបញ្ចប់ការទទួលសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចុះថ្ងៃ១៨ខែ កក្កដា ឆ្នាំ ២០១៨ បញ្ជាក់ថា ការចូលរួមបរិច្ចាគនេះជាកាយវិការមួយបង្ហាញឱ្យឃើញថា ទាំងសប្បុរសជនទាំងក្នុង ប្រទេសនិង ក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋភិបាលកម្ពុជាតាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើ មូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់។

សេចក្តីប្រកាសដដែលនេះ បង្ហាញថា ក្រោមទម្រង់ជាបរធនបាលកិច្ច មូលនិធិគន្ធបុប្ផាកម្ពុជា បែងចែកសប្បុរសជន ដែលបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជាជាបីប្រភេទគឺ៖ (១)សមាជិកស្ថាបនិក, (២)សមាជិកកិត្តិយស និង (៣)សមាជិកគាំទ្រ ដោយក្នុងនោះសម្រាប់សប្បុរសជនដែលមានបំណងក្លាយជាសមាជិកស្ថាបនិក អាចចូលរួមបរិច្ចាគ តាមលក្ខខណ្ឌកំណត់ក្នុងរយៈពេល០៣ខែដំបូង គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី ១១ ខែកក្កដា ២០១៨។ ដោយឡែកសម្រាប់សមាជិកកិត្តិយស និងសមាជិកគាំទ្រ លេខាធិការដ្ឋានមូល និធិគន្ធបុប្ផាកម្ពុជា នៅតែបន្តទទួលដោយមិនមានពេលកំណត់ឡើយ។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ឱ្យចូលរួមបរិច្ចាគ ក្នុងនាមជាសមាជិកកិត្តិយស ឬសមាជីកគាំទ្រ ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាគ្រប់រូប ព្រោះភាព ញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គិតមកត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបិទឈប់ទទួលសមាជិកស្ថាបនិកនេះ មូលនិធិ គន្ធបុប្ផាកម្ពុជាបានទទួលសមាជិកក្នុងប្រភេទនីមួយៗដូចជា៖
-សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៥០.០០០ (៥ម៉ឺនដុល្លារ) សម្រាប់ប្រាំឆ្នាំជាប់គ្នា
-កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១.០០០.០០០(១លានដុល្លារ)ជារៀងរាល់ឆ្នាំ
-សមាជិកស្ថាបនិក ចំនួន ១៣០រូប ឧបត្ថម្ភថវិកាសរុប ១៨២៥លានរៀលនិង៣.០៨៥.៥០០ដុល្លារអាមេរិក
-សមាជិកកិត្តិយស ចំនួន ១០៧រូប ឧបត្ថម្ភថវិកាសរុប ៤៥៨.៧១០.០០០និង៥១១.៧៥៥ដុល្លារអាមេរិក
-សមាជិកគាំទ្រ ចំនួន ៤៦.៣៩៧រូប ឧបត្ថម្ភថវិកាសរុប១.២៤៤.៣៨៤.១៥០រៀលនិង ២៦៧.៥៦០ដុល្លារអាមេរិក
-និងសប្បុរសជនផ្សេងៗ ចំនួន ៨៩០រូប ឧបត្ថម្ភថវិកាសរុប ៩.៥៥២.០០០រៀលនិង២៩០ដុល្លារអាមេរិក។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានសម្ភោធដាក់ឱ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ មានកុមារឈឺចំនួន ជាង៤៤ម៉ឺននាក់ ត្រូវបានឱពុកម្តាយអាណាព្យាបាលនាំមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញនិងខេត្តសៀមរាប។ យោងតាមតួលេខដែលបង្ហាញដោយមន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី១២ កក្កដា ឱ្យដឹងថា ក្នុងចំណោមកុមារជាង ៤៤ម៉ឺននាក់នោះ មានកុមារដែលឈឺធ្ងន់ចំនួនជាង ៧ម៉ឺននាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយកុមារជាង ២ពាន់នាក់ទៀតកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដែលចំនួន នេះកើនឡើងទ្វេជា ៣ បើធៀបនឹងឆ្នាំ២០១៧។ ក្រៅពីនេះ មានកុមារ ១២.៩៣០នាក់ទទួលបានការវះកាត់ ដូចជាវះកាត់បេះដូង និង វះកាត់ភ្ជិតប្រហោងបេះដូងតាមសរសៃឈាមជាដើម។

មន្ទីរពេទ្យគន្ធបុប្ផាបានសង្កត់ធ្ងន់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់កុមារគ្រប់ៗគ្នា ហើយពុំមានបុគ្គលិកណា ម្នាក់របស់ខ្លួន ឆ្លៀតធ្វើការក្រៅម៉ោងនៅឯគ្លីនិកឯកជនឡើយ៕ (អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation