ព័ត៌មានជាតិ

មន្ត្រីជំនាញនៅខេត្តប៉ៃលិន ចុះចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោ ក្របី បន្ទាប់ពីការជួយសង្គ្រោះពលរដ្ឋកាលពីជំនន់ទឹកភ្លៀង

image

អត្ថបទ៖ សុខ វិច្ឆ័យ 

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានសត្វគោ កើតជំងឺអុតក្តាម ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ក្រុងប៉ៃលិន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងខែវិច្ឆិកា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្តការចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោក្របី តាមខ្នងផ្ទះប្រជាពលរដ្ឋ ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថា ពេលមានទឹកជំនន់ គោក្របី វាងាយនឹងកើតជំងឺ ៣ គឺ ទី១ ជំងឺសារទឹក ទី២ជំងឺអុតក្តាម និងទី៣ជំងឺបូសខ្យល់ ។

លោក បានបន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែក៏នៅមានកសិករជាច្រើន ដែលកំពុងតែប្រើប្រាស់សត្វគោក្របី ដើម្បីប្រកបការងារកសិកម្មនេះផងដែរ ពោល គឺសត្វគោក្របី ពិតជាមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករ។ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តប៉ៃលិនតែម្តង ដើម្បីកុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជំងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជំងឺកូវីដ19 ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេសគឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង ហេតុដូច្នេះហើយទើបអាជ្ញាធរ បានយកចិត្តទុកដាក់ គិតគូរការពារសុខភាពសត្វគោ ក្របី ជាចំណុចចម្បង ព្រោះសត្វពាហនៈទាំងនោះ អាចជួយជាប្រយោជន៍យ៉ាងច្រើននាំឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលរងប៉ះពាល់ពីជំនន់ទឹកភ្លៀង បានធ្វើឱ្យសត្វគោ ឈឺ សរុបទូទាំងខេត្ត ១៦៤៥ក្បាល ក្នុងនោះព្យាបាលសះស្បើយ បានសរុប ១៤៩០ក្បាល ក្នុងនោះ នៅស្រុកសាលាក្រៅ ចំនួន ១០២៥ក្បាល និងក្រុងប៉ៃលិន ៤៦៥ក្បាល និងសត្វគោងាប់ចំនួន ១២ ក្បាល (កូនគោទើបកើត)។ ដោយឡែកភូមិក្ងោក មាន ៣៤គ្រួសារ ចិញ្ចឹមគោ សរុប ១៥០ក្បាល៕