ក្រសួងការពារជាតិត្រៀមឧបករណ៍២៤ម៉ោងលើ២៤ម៉ោងត្រៀមជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងការពារជាតិបានត្រៀមឧបករណ៍ជាច្រើន២៤ម៉ោងលើ២៤ម៉ោងសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់និង គ្រោះមហន្តរាយផ្សេងៗខណៈទឹកជំនន់បានកំពុងលិចលងនៅខេត្តមួយចំនួននោះ។ ការប្រកាសរបស់មន្ត្រី ក្រសួងការពារជាតិរូបនេះ ធ្វើឡើងឆ្លើយតបទៅនឹងបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី នៅទូទាំងប្រទេសកម្ពុជា ត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ ដែលបាននិងកំពុងកើតឡើង។

នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ នាព្រឹកថ្ងៃទី២០ ខែកក្កដា មានការអញ្ជើញចូលរួមពីបណ្តាកងអង្គភាពទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាពការងារធានាភស្តុភារហិរញ្ញវត្ថុនិងអង្គភាពជំនាញវិស្វកម្មរួមនឹងបណ្តាអង្គភាពជំនាញកងពលតូចលេខ៧០ កងពលតូចពិសេស៩១១ កងរាជអាវុធហត្ថនិង កងពលដឹកជញ្ជូនលេខ៩៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា គ្រប់បណ្តាអង្គភាពកម្លាំងជំនាញទាំងអស់ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ សម្ភាររួមមាន ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត ដើម្បីប្រតិបត្តិការ ការជួយសង្គ្រោះប្រជាជន អោយទាន់ពេលវេលា នៅពេលដែលគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ។ ឯកឧត្តម ម៉ឹង សំផនបានបន្តទៀតថា តាមបណ្តាអង្គភាពពាក់ព័ន្ធ ការងារសង្គ្រោះត្រូវពិនិត្យឧបករណ៍សម្ភារប្រើប្រាស់ឲ្យបានត្រឹមត្រូវនិងត្រូវបែងចែកកម្លាំងជាអចិន្រៃ្តយ៍នៅតាមតំបន់មួយចំនួនដែលងាយរងគ្រោះពីការជន់លិចក្នុងការតាមដាននិងពិនិត្យ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចុះជួយសង្រ្គោះប្រជាជនឲ្យបានទាន់ពេលវេលានៅពេលមានទឹកជំនន់កើតឡើង។

សូមជម្រាបថា នៅថ្ងៃទី១៩ កក្កដា ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា បាន ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត នឹងត្រូវមានការរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើនឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បញ្ជៀសឲ្យខាងតែបាននូវការប៉ះពាល់អាយុជីវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation