ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរី កំពុងជួសជុលផ្លូវកៅស៊ូដែលរងខូចខាតនារដូវវស្សាកន្លងមកនេះ

image

អត្ថបទ៖ប៉េស សារី

រតនគិរី៖ ដោយមើលឃើញពីទុក្ខលំបាកប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃ អាជ្ញាធរខេត្តរតនគិរី បានកំពុងមមាញឹកក្នុងការស្ថាបនា និងជួសជុលផ្លូវមួយចំនួនដែលទទួលរងការខូចខាតនារដូវភ្លៀងកន្លងមក។

ជាក់ស្ដែង មានផ្លូវជាច្រើនខ្សែដែលអាជ្ញាធរកំពុងតែជួសជុលជាបន្តបន្ទាប់ហើយមានផ្លូវខ្លះក៏បានរួចរាល់ជាស្ថាពរ និងផ្លូវខ្លះកំពុងតែជួសជុលផងដែរ។

ទាក់ទងទៅនឹងការជួសជុល និងសាងសង់ផ្លូវក្នុងក្រុងបានលុងនេះដែរ លោក ម៉ង ទែក ប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរតនគិរី ក៏បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២០នេះថា ផ្លូវដែលជួសជុល ជាប្រភេទ DBST ក្នុងឆ្នាំ ២០២០ បានរួចរាល់មួយចំនួន ហើយផ្លូវមួយចំនួនទៀតកំពុងតែសម្រុកជួសជុលនិងពង្រីកបន្ថែម។

លោកប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរូបនេះបានបន្តទៀតថា នៅក្នុងការសាងសង់ជួសជុលផ្លូវក្នុងក្រុងបានលុង មានក្រុមហ៊ុនចំនួនពីរដែលទទួលម៉ៅការសាងសង់ជួសជុល គឺក្រុមហ៊ុនបានលុង និងក្រុមហ៊ុនជុំមរកត ឌីវេឡុបមេន។លោកបន្ថែមថាផ្លូវដែលកំពុងតែមមាញឹកជួសជុលសាងសង់ពង្រីកថែម និងដាក់ប្រព័ន្ធលូនាពេលនេះមាន ផ្លូវលេខ ៥០៣ មានទទឹង ៧ម៉ែត្រប្រវែង ៩៣០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ឡាបានសៀក និងផ្លូវលេខ ៤៦ មានទទឹង ១០ ម៉ែត្រប្រវែង ៧២៦ម៉ែត្រ នៅក្នុងសង្កាត់បឹងកន្សែងវហើយផ្លូវទាំងពីរនេះ ទទួលសាងសង់ដោយក្រុមហ៊ុន បានលុង។

ដោយឡែក ផ្លូវដែលទទួលម៉ៅការដាក់ប្រព័ន្ធលូនិងក្រាលការ៉ូឡាអមសងខាងផ្លូវ គឺជាការទទួលសាងសង់ដោយក្រុមហ៊ុនជុំមរកត ឌីវេឡុបមេនដែលមាន ផ្លូវលេខ ៤៦ ផ្លូវលេខ ៧៨និងផ្លូលេខ ៥១។

លោក បានបញ្ជាក់បន្ថែមថា ផ្លូវទាំង ៣ ខ្សែដែលក្រុមហ៊ុនជុំមរកត ឌីវេឡុបមេន កំពុងមមាញឹកនាពេលនេះ គឺសុទ្ធតែដាក់លូផ្លូវ និងក្រាលការ៉ូឡាដូចៗគ្នា ហើយចំពោះផ្លូវដែលកំពុងសាងសង់នេះក៍ស្ថិតនៅក្នុងគម្រោងសាងសង់ក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១ដែរ៕