អភិបាលខេត្តតាកែវ៖ អាជ្ញាធរត្រៀមគ្រប់វិនាទី ចាំជួយបងប្អូនរងគ្រោះដោយជំនន់ភ្លៀង
| ព័ត៌មានជាតិ
SHARE

(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែកក្តដា នេះ បានចុះត្រួត ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានស្វាយព្រៃ ស្ពានដើមក្រលាញ់ តាមបណ្ដោយផ្លូវជាតិលេខ២ និងត្រួតពិនិត្យការកាយផ្លូវលំដើម្បីរំដោះទឹក នៅខ្នងទំនប់ទឹកដើមក្រលាញ់ ស្ថិតនៅឃុំសឹង្ហ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីធ្វើការរំដោះទឹកជួយសង្រ្គោះលំនៅស្ថាន ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុកទឹកខ្ពបត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ហើយការរំដោះទឹកចេញពីអាងស្តុបទឹកខ្ពបត្របែកនេះ បានធ្វើឱ្យជនលិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរមួយចំនួននោះ។

អភិបាលខេត្តរូបនេះបន្តថា ក្រុមគ្រួសារដែលមានកូនតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីចៀសវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នូវទ្រព្យសម្បត្តិ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យមែនទែនលើសត្វអាសិរពិស និងជំងឺឆ្លងផ្សេងៗ ហើយក្នុងពេលនេះ ក្រុមមន្ត្រីជំនាញ រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើង ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញឱ្យបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ូច ភា អះអាងថា អាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ភ្លៀង គ្រប់វិនាទីក្នុងករណីទឹកជំនន់មានស្ថានភាពធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់ពីលោក ណុប នី ប្រធានមន្ទីរសាធារណការខេត្ត ឱ្យដឹងថា ស្ថានភាពជំនាន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ២នេះ គឺមានការថមថយបន្តិចហើយ ពោលគឺមិនមានការលិច ហូរកាត់ ឬក៏ទឹកប្រៀបចិញ្ចើមផ្លូវនោះទេ នៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែក្រុមមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការ បានកាយទំនប់ទឹកមួយចំនួន ព្រមទាំងកាយកាកសំណល់មួយចំនួនដើម្បីបើកទឹកឱ្យហូរចេញពីតំបន់ជន់លិចកាន់តែល្បឿន និងដោយសារតែមេឃមិនភ្លៀងផងដែរ ប៉ុន្តែផ្លូវជាតិលេខ២នេះ យើងហាមតែរថយន្តធំៗប៉ុណ្ណោះ មិនឲ្យបើរឆ្លងកាត់ ព្រោះទឹកទើបតែស្រកបន្តិច អាចនៅជ្រាយដីនៅខាងក្នុង ដូច្នោះទើបយើងផ្អាករថយន្តធំៗបើរឆ្លងកាត់ ជាបណ្តោះអាសន្នសិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation