សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងឧបភោគបរិភោគដល់សមាគមតន្ត្រីសំនៀងជនពិការ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ឱ្យលោកជំទាវ កែ គឹមហូយ ព្រះរាជលេខាផ្ទាល់ នាំយកនូវព្រះរាជទ្រព្យជាថវិកាចំនួន១.១០០ដុល្លារអាមេរិក (១ម៉ឺន ១ពាន់ដុល្លារ) នឹងគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិក្ខារមួយចំនួនដល់សមាគមតន្ត្រីសំនៀងជនពិការ ដើម្បីចូលរួមចំណែកក្នុងការសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញសម្រាប់ជនពិការស្ថិតនៅសង្កាត់គោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកជំទាវ កែ គឹមហូយ ព្រះរាជលេខាផ្ទាល់សម្តេចព្រះមហាក្សត្រី បានមានប្រសាសន៍លើកឡើងពីព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រីដល់កូនចៅ ចៅទួតទាំងអស់ដែលជាជនពិការ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យគិតគូរពីសុខទុក្ខពីកូនចៅ ចៅទួតដែលជាជនពិការរបស់ព្រះអង្គ តាមរយ:ការប្រោសព្រះរាជទានជាព្រះរាជទ្រព្យជាច្រើនដល់សមាគមជនពិការ សម្រាប់ទីតាំងស្នាក់នៅ ការហូបចុកប្រចាំថ្ងៃ នឹងថវិកាសម្រាប់សាងសង់អគារបណ្តុះបណ្តាលជាដើម។

លោក ចាប តូ ដែលជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ តំណាងឱ្យជនពិការទាំងអស់បានសម្តែងនូវទឹកចិត្តត្រេកអរឥតឧបមា នឹងថ្លែងអំណរព្រះរាជគុណ នឹងថ្វាយព្រះពរជ័យដល់សម្តេចព្រះមហាក្សត្រីដែលព្រះអង្គបានយកព្រះរាជហឫទ័យយកចិត្តទុកដាក់ ដល់ជនពិការរបស់ពួកលោកតាមរយ:ការប្រោសព្រះរាជទានជាថវិកា និងសម្ភារប្រើប្រាស់ គ្រឿងហូបចុកក្នុងឱកាសនេះ។

លោកជំទាវ ញែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការបាន មានប្រសាសន៍លើកឡើងថា នេះជាលើកទី២ហើយដែលសម្តេចព្រះហាក្សត្រីបានប្រោសព្រះរាជទ្រព្យសម្រាប់ជនពិការដែលលើកទី១ចំនួន ២៥.០០០ ដុល្លារអាមេរិក (២ម៉ឺន ៥ពាន់ដុល្លារ) ចូលរួមចំណែកជាមួយសម្តេចកត្តិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការទិញដីដើម្បីសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញ សម្រាប់ជនពិការសរុបថវិកា ៧៥.០០០ដុល្លារអាមេរិក (៧ម៉ឺន ៥ពាន់ដុល្លារ)។

គួរបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការត្រូវបានបង្កើតឡើងដោយលោក ចាប តូ ដែលជាជនពិការភ្នែកនៅឆ្នាំ២០១៣ ដែលមានការទទួលស្គាល់ ចុះបញ្ជីពីក្រសួងមហាផ្ទៃ ក្រោមការជួយជ្រោមជ្រែងពីក្រសួងកិច្ចការនារី៕ (អត្ថបទ:អ៊ាង គង្គា .រូបភាព:សេង ថាវរ:)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation