ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំយកអាវរងារ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទិសយោធភូមិភាគទី២ 

image

ត្បូងឃ្មុំ៖ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២ ដែលពិធីនេះ បានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត

បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី២។

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យបន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហក្សត្រ និងការពារសុខសន្តិភាពដ៏ស្រស់បំព្រងដែលកំពុងគ្រប់ដណ្តប់លើប្រទេសនាពេលនេះ ហើយចូលរួមក្នុងការទប់ស្កាត់នូវរាល់ការបំផុសបំផុលអកុសលនានាដែលនាំមកនូវអស្ថិរភាព និងអសន្តិសុខ ពីសំណាក់អ្នកនយោបាយមួយចំនួនដែលបន្តមហិច្ឆិតាឥតឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព អភិវឌ្ឍន៍ និងសុខដុមនីយភាពនៅក្នុងប្រទេសកម្ពុជា។ សូមបន្តអនុវត្តតួនាទីចម្បងជាកងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋ ទាំងនៅក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជានៅក្នុងការជួយសង្គ្រោះអំទ្បុងពេលមានគ្រោះមហន្តរាយនានា ជាអាទិ៍ពេលនេះ ជំងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាកំពុងជួបប្រទះ។ ដូច្នេះហើយសូមបន្តនូវការត្រៀមការពារ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតចាប់តាំងពីកម្រិតបុគ្គល ក្រុម រហូតដល់អង្គភាព និងសហគមន៍ទាំងមូល ដោយមិនត្រូវព្រងើយកន្តើយសូម្បីតែជាមួយនឹងជំងឺផ្តាសាយធម្មតា ដើម្បីភាពជោគជ័យក្នុងការហែលឆ្លងនូវកាលៈទេសៈនេះ។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានលើកឡើងថា 

ចាប់តាំងពីជំងឺកូវីដ-១៩ រីករាលដាលលើពិភពលោករយៈកាលជាង១០ខែកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានគ្រប់គ្រងនូវស្ថានការណ៍មិនឲ្យមានការផ្ទុះរីករាលដាលនៅទូទាំងប្រទេសឡើយ។ លទ្ធផលដែលសម្រេចបានមកនេះ គឺដោយសារការដឹកនាំរបស់ សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយក្រសួងសុខាភិបាល ព្រមទាំងក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់ស្ថាប័នទូទាំងរាជធានី ខេត្តពាសពេញផ្ទៃប្រទេស ដែលបានចូលរួមជ្រោមជ្រែង សហការ ក្នុងការអនុវត្តវិធានការសុខាភិបាលហ្មត់ចត់នានា ដើម្បីធានានូវសេចកី្តសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងរហូតដល់ថ្ងៃនេះ។ តែទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននេះ ក៏មិនត្រូវថយនូវការប្រុងប្រយ័ត្ន ព្រោះជំងឺនេះមិនទាន់បាត់រលត់ពីផែនដីនៅទ្បើយទេ ហើយក៏មានបណ្តាប្រទេសជាច្រើនកំពុងតែជួបប្រទះនូវការរីករាលដាលទ្បើងវិញ ដូច្នេះហើយដើម្បីរក្សានូវការប្រុងប្រយ័ត្នខ្ពស់។ សមេ្តចតេជោ បានអំពាវនាវឱ្យបន្តរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលនានាតាមទីកន្លែងសាធារណៈក៏ដូចជាឯកជន ហើយបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អរបស់បុគ្គល ក៏ដូចជាក្រុម ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី២ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួននិងបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងការសហការជាមួយភាគីមិត្ត។ ហើយលើសពីនេះទៅទៀតក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នានា រួមទាំងដំណាក់កាលនៃការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

ព័ត៌មានទាក់ទង...