រដ្ឋបាលខេត្តប៉ៃលិនកំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះ
| ព័ត៌មានជាតិ
SHARE

(ប៉ៃលិន)​៖  ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមជាមួយក្រុមការងារ មន្ទីរជំនាញនានាជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលសៃឡូនិងទីលានហាល ដែលទទួលទិញកសិផលពីប្រជាពលរដ្ឋ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយចំពោះបញ្ហាតម្លៃកសិផល ជាពិសេសតម្លៃពោតក្រហមកំពុងតែធ្លាក់ចុះ ដើម្បីឲ្យមានស្ថិរភាពឡើងវិញ។


អភិបាលខេត្តប៉ៃលិន បានស្នើដល់ម្ចាស់អាជីវកម្មសៃឡូនិងទីលានហាល ដែលទទួលទិញកសិផលពីកសិករក្នុងខេត្តប៉ៃលិន ត្រូវរួមសហការគ្នា ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាខេត្ត ដើម្បីជួយរកដំណោះស្រាយបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។


ឯកឧត្តម បានលើកឡើងថា ដោយសារទីផ្សារកសិផលរបស់យើងគឺពឹងផ្អែកទៅលើប្រទេសជិតខាង ម៉្យាងទៀតគឺយោងទៅតាមតម្លៃទីផ្សារកសិផលនៅលើពិភពលោក ធ្វើឱ្យប៉ះពាល់ដល់ការលក់កសិផលរបស់ប្រជាកសិករយើង ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយបានទម្លាក់ទុនប្រាក់កម្ចី ដើម្បីធ្វើកន្លែងសម្ងួតនិងស្តុកទុកកសិផលនៅទូទាំងប្រទេស ក្នុងការប្រមូលទិញកសិផលពីប្រជាពលរដ្ឋ ដែលជាកត្តាជួយរក្សានិរន្តរភាពតម្លៃលើទីផ្សារកសិផលក្នុងប្រទេស។


ឯកឧត្តម ផាន់ ចាន់ធុល ក៏បានសំនណូមពរដល់ប្រជាកសិករទាំងអស់ត្រូវចងក្រងគ្នាជាក្រុម ឬជាសហគមន៍ ដើម្បីសហការជាមួយសហគមន៍នាំចេញកសិផលចៀសវាងការកេងចំណេញ​ ឬជាន់តម្លៃពីឈ្មួញកណ្តាល ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិផល។


ក្នុងឱកាសនោះក្រុមហ៊ុនផលិតចំណីសត្វស៊ីភីនៅក្នុងខេត្តប៉ៃលិន ក៏បានចុះកិច្ចព្រមព្រៀងទិញ-លក់ពោតក្រហមគ្រាប់ ជាមួយសមាគមន៍ទិញ-លក់កសិផលក្នុងខេត្តប៉ៃលិនចំនួន៨ពាន់តោន ក្នុងរយៈពេល ១០ថ្ងៃ ទៅតាមតម្លៃទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុនកាត់បន្ថយការនាំចូលកសិផលពីបរទេស ដែលជាវត្ថុធាតុដើមក្នុងការផលិតចំណីសត្វ ដើម្បីជួយដល់ទីផ្សារកសិផលរបស់កសិករក្នុងខេត្តប៉ៃលិន។


បើតាមរបាយការណ៍របស់ លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប៉ៃលិនបានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន ដាំដុះពោតក្រហមប្រមាណ៩.៥០០ហិកតា ហើយបានប្រមូលផល ចាប់ពីខែមករា រហូតដល់ខែកក្កដានេះ បានប្រមាណ៥.៧០០ហិកតា ក្នុងនោះមានសៃឡូ និងទីលានហាលទទួលទិញកសិផលពីកសិករក្នុងខេត្តចំនួន៥៨​ ដោយមានលទ្ធភាពប្រមូលទិញកសិផលយកមកស្តុកទុកបានចំនួនប្រមាណជាង៦ម៉ឺនតោន៕  (អត្ថបទ៖ ឡាច​ សុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation