ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ

image

ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា នេះ បានស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ដែល​ត្រូវ​ការ​ឈាម​ជាចាំបាច់។


កញ្ញា ស នីតា ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅ​ថ្ងៃនេះ ​លោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី ជាប្រធាន និង លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ​ជា​អនុប្រធានមន្ទីរពេទ្យបង្អែក​ខេត្ត​កំពុង​ឆ្នាំង​ បាន​ដឹក​នាំ​ ក្រុម​គ្រូពេទ្យ​ពេទ្យស្ម័គ្រ​ចិត្ត​​ចូល​រួម​បរិច្ចាគឈាម​  សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែល​កំពុង​សម្រាក​ព្យា​បាល​នៅក្នុងមន្ទីរពេទ្យ ហើយត្រូវការឈាមជាចាំបាច់។


កញ្ញា ស នីតា បានបន្តថា នៅក្នុងថ្ងៃទី២០ កក្កដានេះ មានអ្នកមកបរិច្ចាគឈាមជាង៣០នាក់ ហើយអ្នកដែលមិនទាន់បានមក ពួកគាត់​នឹង​មក​ផ្តល់​ជា​បន្តបន្ទាប់​ទៀត។


កញ្ញា ស នីតា ក៏បានអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័នវិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ពិសេសយុវជនត្រូវរួមចំណែកក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាម
ដើម្បី​​បំពេញ​សេចក្តីត្រូវការរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា៕  (អត្ថបទ៖ ហ៊ឹង​ ចូច​)