
កុមារា ៣នាក់ ដែលបានចូលរួមប្រណាំងកង់ថ្ងៃមុន ទទួលបានអាហារូបករណ៍ ១០០% នៅសាលាប៊ែលធី អន្តរជាតិ

អត្ថបទ៖ហៃ ពិសី
ភ្នំពេញ៖ តាមគេហទំព័រហ្វេសបុកផ្លូវការរបស់លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានបង្ហាញថា លោក បានផ្តល់អាហារូបករណ៍ ១០០% ជូនកុមារា ៣នាក់ ដែលបានចូលរួមប្រណាំងកង់កាលពីពេលកន្លងទៅថ្មីៗនេះ។
ក្នុងគេហទំព័រនោះ បានបញ្ជាក់ទៀតថា អាហារូបករណ៍នៅសាលាប៊ែលធី សម្រាប់កុមារាទាំង៣នោះ គឺ សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ។ កុមារាទាំង ៣នាក់ នោះ មានឈ្មោះ ប៉ិច ធារ៉ា អាយុ១៣ឆ្នាំ, សុវណ្ណ សាលី អាយុ១៣ឆ្នាំ និងកុមារា ឆុន ភារម្យ អាយុ៩ឆ្នាំ។
កាលពីពេលកន្លងទៅ កុមារាទាំងបី បានយកកង់កញ្ចាស់ចូលរួមប្រណាំងជាមួយកុមារដទៃទៀតដែលមានកង់ថ្មីប្រណាំង។ ដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឱ្យបានខ្ពស់ ទើបលោកបណ្ឌិត លី ឆេង បានផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ ពីថ្នាក់ទី៣ ដល់ទី១២ និងភាសាអង់គ្លេសទូទៅ (Pre-school ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់កុមារា ទាំង៣។
សូមបញ្ជាក់ថា កុមារា ប៉ិច ធារ៉ា អាយុ១៣ឆ្នាំ បានយកឈ្នះបេះដូង ទស្សនិកជន ផ្អើលកោតសរសើរចំពោះការតាំងចិត្តរបស់គេ ដែលចូលរួមប្រកួត ទាំងដែលស្បែកជើងពាក់ក៏គ្មាន មានត្រឹមកង់កញ្ចាស់មួយប៉ុណ្ណោះ ដែលបានទិញពីកន្លែងអេតចាយមានតម្លៃ ២០,០០០រៀល៕
