ព័ត៌មានជាតិ

ករណីនគរបាលភ្ជង់រំលោភប្រពន្ធគេ នឹងត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីគ្មានលុយ ១ម៉ឺនដុល្លារ បង់ទៅជនរងគ្រោះ

image

 

ភ្នំពេញ៖ ករណីមន្ត្រីនគរបាលម្នាក់ ដែលបានដកកាំភ្លើងខ្លី ភ្ជង់ឱ្យនារីម្នាក់ ដោះសម្លៀកបំពាក់ រួចរំលោភរហូតបានសម្រេចនោះ នឹងត្រូវបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីខាងស្រីទាមទារសំណងជំងឺចិត្តចំនួន ១ម៉ឺនដុល្លារ តែខាងជនជាប់ចោទ មានលទ្ធភាពត្រឹមតែ ១ពាន់ដុល្លារ។ នេះបើតាមការឱ្យដឹងពីនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នារីមានស្វាមីម្នាក់ បានប្តឹងចោទប្រកាន់នគរបាលម្នាក់ ថា បានដកកាំភ្លើងខ្លីភ្ជង់ឱ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច។ បន្ទាប់មក នាងបានប្រើល្បិចហៅជនសង្ស័យមកជួប នៅខាងលិចសង្កាត់ព្រែកព្នៅ និងបានឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។ 

មន្ត្រីនគរបាលជាប់ចោទ មានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជានគរបាលប៉ុស្តិ៍ ព្រែកលៀប ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ចំណែកនារីរងគ្រោះ ដែលប្តឹង អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឱ្យដឹងថា មន្ត្រីនគរបាលរូបនោះ ត្រូវបាននារីរងគ្រោះ ប្តឹងចោទពីបទប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ភ្ជង់នាងឱ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច នៅក្នុងរបងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ, ជនរងគ្រោះ ក៏បានទាមទារជំងឺចិត្តចំនួន ១ម៉ឺនដុល្លារ ដើម្បីសម្របសម្រួលគ្នាក្រៅផ្លូវច្បាប់។ តែដោយសារមិនត្រូវរ៉ូវគ្នា ដោយខាងប្រុសមានលទ្ធភាពតែ ១ពាន់ដុល្លារ នារីរងគ្រោះមិនព្រម។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០៕