ព័ត៌មានជាតិ

បញ្ជាការដ្ឋានទ័ពពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ 

image

អត្ថបទ៖ មួង សុវណ្ណារិទ្ធ  

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រះនៃកងយោធពលខេមរភូមិន្ទ  បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី ២៩វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹកជំនាន់ទី៨ នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ 

លោកបានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។ 

លោកនាយឧត្ដមសេនីយ៍ បានរម្លឹកដល់ថ្នាក់ដឹកនាំ ពិសេសនាយ ពលទាហាន ដែលជាសិក្ខាកាមទាំងអស់ ឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។ 

 បន្ថែមលើនេះ លោកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ 

ទន្ទឹមនោះ លោកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើបន្ថែមដល់នាយ ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងការងារដកស្ទូង ច្រូតកាត់ ប្រមូលផលផងដែរ៕

ព័ត៌មានទាក់ទង...