គណបក្សប្រជាជនកម្ពុជា ក្នុងមួយអាណត្តិទៅមួយអាណត្តិ ពិតជាខិតខំកំណែទម្រង់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្នុងមួយអាណត្តិទៅមួយអាណត្តិ ពិតជាខិតខំកំណែទម្រង់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការការពារសន្តិភាពជូនជាតិមាតុភូមិ ជាពិសេសចំពោះសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ។


ការបញ្ជាក់ដូចនេះរបស់ ឯកឧត្តម លី ធុជ គឺបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ ស្ថិតនៅក្នុងឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ នាថ្ងៃទី២០ ខែកក្កដានេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ បានបញ្ជាក់ទៀតថា មានគណបក្សប្រជាជនកម្ពុជា បងប្អូនប្រជាពលរដ្ឋប្រាកដណាស់ នឹងមានភ្លើងអគ្គិសនី ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការអភិវឌ្ឍជាច្រើនផ្សេងទៀត ជាក់ស្តែងកាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនរោងចក្រដំឡូងមីដល់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនេះតែម្តង ។


បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ការដែលរាជរដ្ឋាភិបាល ទាក់ទាញអ្នកវិនិយោគឲ្យមកបង្កើតរោងចក្រដំឡូងមីនៅក្នុងខេត្តរតនគិរីនេះ ដោយសារប្រមុខរាជរដ្ឋាភិបាល ពិតជាបានដឹងច្បាស់ណាស់អំពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ដែលនៅក្នុងខេត្តនេះភាគច្រើនសុទ្ធតែនិយមធ្វើកសិកម្ម ដូច្នេះរោងចក្រដំឡូងមីដែលបានបង្កើតឡើងនៅក្នុងខេត្តនេះ គឺដើម្បីឲ្យតម្លៃទីផ្សារកសិកម្មខាងផ្នែកនេះ ទទួលបាននូវតម្លៃខ្ពស់ និងដើម្បីកុំឲ្យមានការធ្លាក់ថ្លៃ ដោយសារឈ្មួញកណ្តាលក្រឡុកទីផ្សារ ។


ជាមួយគ្នានោះ ឯកឧត្តម ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងជាពិសេសបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តការការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យថ្មីៗបន្ថែមទៀត ៕ (អត្ថបទ៖ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation