ព័ត៌មានជាតិ

ក្រុមយុវជនបង្គោល ជិត៣ពាន់នាក់ របស់គណបក្សប្រជាជនកម្ពុជា មកពីស្រុកព្រៃឈរ និងស្រុកកងមាស នាំគ្នាហែក្បួនឃោសនារកសំឡេងឆ្នោត

image

(កំពង់ចាម)៖ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ជិត៣ពាន់នាក់ មកពីស្រុកចំនួន២ នៃខេត្តកំពង់ចាម គឺស្រុកព្រៃឈរ និងស្រុកកងមាស នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានមូលមតិគ្នា ហែក្បួនឃោសនាបោះឆ្នោត នៅទូទាំងស្រុកទាំងពីរ។


ក្នុងឱកាសអញ្ជើញប្រគល់ទង់ជាតិ និងទង់គណបក្ស ជូនដល់សមាជិក-សមាជិកា ដើម្បីចាប់ផ្តើមក្បួនដង្ហែនោះ, ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិក​ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះជួយស្រុកព្រៃឈរ និងជា​បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានមានប្រសាសន៍ លើកឡើងថា តាមមរយៈផ្លែផ្កា និងការបែងចែក កំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ បានធ្វើឲ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់ជាន់ថ្នាក់ នៅទូទាំងប្រទេស កាន់តែមានឱកាស ក្នុងការបង្កើនប្រាក់ចំណូល ក្នុងនោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់បៀវត្សរ៍ អប្បបរមា១លានរៀល ហើយកម្មករនយោជិត ដែលកំពុងបម្រើការ ក្នុងវិស័យវាយនភណ្ឌ ក៏ទទួលបានការដំឡើងប្រាក់ឈ្នួល អប្បបរមា ដល់១៧០ដុល្លារអាមេរិក ដោយមិនទាន់គិត ដល់ការទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឡើយ។


ឯកឧត្តម បានបន្ថែមថា សមិទ្ធផល និងឱកាស ដែលយើងទទួលបាននាពេលនេះ គឺមិនមែនកើតឡើង ដោយចៃដន្យឡើយ គឺវាបានមកពីការលះបង់ ដោយយកអាយុជីវិតជាថ្នូរ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំបន្តថែរក្សា ឲ្យខានតែបាននូវសុខសន្តិភាព និងសមិទ្ធផលទាំងនេះ ជាពិសេសយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាធនធានប្រកបដោយថាមពល និងឆន្ទៈ ក្នុងការបម្រើ ការពារ និងបន្តវេន។

ព្រមជាមួយគ្នានោះ ឯកឧត្តម ប៉ាន សូរស័ក្តិ សង្ឃឹមថា យុវជនគណបក្សប្រជាជនទាំងអស់ នឹងចូលរួមការបោះឆ្នោត និងជំរុញចលនាចូលរួម ការបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ កក្កដាខាងមុខ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ ជាបន្តទៀត។


គួរជម្រាបថា គិតត្រឹមថ្ងៃទី២២ កក្កដានេះ គឺជាថ្ងៃទី១៦ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សនយោបាយទាំង២០ មានរយៈពេលតែ៥ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោត ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត៕ (អត្ថបទ ៖ សន ពិសិដ្ឋ, រូបភាព៖ លឹម មុនី)


ព័ត៌មានទាក់ទង...