ព័ត៌មានជាតិ

សមត្ថកិច្ច ដុតកម្ទេចទំនិញខូចគុណភាព ជិត៤០០គីឡូក្រាម ដែលនាំចូលពីថៃ លក់នៅខេត្តបន្ទាយមានជ័យ

image

អត្ថបទ៖ ប៊ុន ចាន់ថន

បន្ទាយមានជ័យ៖  លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដឹកនាំ មន្ត្រីជំនាញ ដោយសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត និងអាជា្ញធរដែនដី បានធ្វើការដុតកម្ទេចមីខូចគុណភាព និងគ្មានភាពអនុលោមតាមច្បាប់ចំនួន ៣៩០គីឡូក្រាម ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ។

លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា ទំនិញដែលត្រូវបានដុតបំផ្លាញ គឺជាកម្ទេចមីខូចគុណភាព ដែលមន្ត្រីជំនាញបានចុះពិនិត្យដកហូតនៅកំលុងខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២០ ក្នុងនៅតាមផ្សារ និងឃ្លាំងជាប់ជាយដែនភូមិសាស្រ្តស្រុកអូរជ្រៅ  និងក្រុងប៉ោយប៉ែត។ 

លោក បានបន្តថា កម្ទេចមីខូចគុណភាពទាំងនេះ ត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់មកលក់តាមទីផ្សារជាប់ជាយដែនកម្ពុជា-ថៃ  ហើយត្រូវបានដកហូត ប្រមូលមកដុតកម្ទេចចោល។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា កម្ទេចមីខូចគុណភាពខាងលើនេះ ជាកម្ទេចមីដែលច្រកសេសសល់ ជាកាកសំណល់មីកញ្ចប់ធំដែលគេច្រកជ្រុះ គ្មានអនាម័យ ខុសបច្ចេកទេសដែលហូបទៅបណ្តាល ប៉ះពាល់សុខភាពដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងៗនៅសាលារៀន ចូលចិត្តទិញបរិភោគ បណ្ដាលឱ្យរាគរូស ក្តៅខ្លួន និងក្អួតជាដើម៕


ព័ត៌មានទាក់ទង...