ព័ត៌មានជាតិ

អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកបើកវគ្គហ្វឹកហ្វឺនជំនាញបាញ់គ្រាប់ពិត បើករថក្រោះ និងរថពាសដែក ដល់យោធិនវ័យក្មេង

image

អត្ថបទ៖ មួង សុវណ្ណារិទ្ធ   

កំពត៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០បានអញ្ជើញ​ចុះទៅ​សំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតរបស់យោធិនដែលកំពុងតែ​ហ្វឹកហ្វឺន​បណ្តុះបណ្តាលបើកបរជំនាញ​រថក្រោះ​ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពល​តូច​លេខ​៧០ ខេត្តកំពត។ 

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសនៅព្រឹកថ្ងៃទី​១៩ ខែវិច្ឆិកា​​ ឆ្នាំ​២០២០នេះថា ការងារ​ហ្វឹកហ្វឺន​បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់​ការពារជាតិ តាមរយៈ​ការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេស​យោធិន​វ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ 

លោកមេបញ្ជាការបានគូសបញ្ជាក់ថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញឲ្យយោធិនមានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពឲ្យបានយល់ដឹងកាន់តែច្បាស់និងស្ទាត់ជំនាញ ក្នុង​ការបញ្ជាបាញ់គ្រាប់ឲ្យបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ គ្រឿង​បំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច៕