ព័ត៌មានជាតិ

ចាប់រថយន្តខ្នាតធំមួយគ្រឿង ដឹកឈើចម្រុះលាក់បង្កប់ក្នុងឈើផ្ទះចាស់ នៅខេត្តកំពង់ឆ្នាំង

image

កំពង់ឆ្នាំង៖ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បាន បញ្ជាកម្លាំងស្ទាក់ចាប់រថយន្តយីឌុបភ្លៅ៥ មួយគ្រឿង នៅវេលា ម៉ោង ៩:៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តធុនធ្ងន់នោះ ដឹកឈើអារចម្រុះ បង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរណ៍ដោយគ្មានច្បាប់។

លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានឱ្យដឹងថា ឈើមួយរថយន្ត ហ៊ីណូ ដែលសមត្ថកិច្ចចម្រុះ សហការគ្នាចាប់នោះ គឺបានយកលេសសុំច្បាប់ដឹកឈើផ្ទះចាស់ ប៉ុន្តែការពិតពេលដឹកបង្កប់ឈើថ្មីចម្រុះពីខាងក្នុង ដោយដាក់ឈើផ្ទះចាស់ពីខាងក្រៅ ដែលដឹកចេញពីភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ។ នៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា ជាឈឺផ្ទះចាស់ លុះពេលសមត្ថកិច្ចត្រួតពិនិត្យ ឃើញសុទ្ធតែឈើអារក្តា និងឈើគ្រឿងថ្មីៗ ហើយឈើខ្លះទៀត មានមុខកាត់ធំៗជាឈើមានតម្លៃ។ ក្នុងពេលនោះដែរ ក្រុមអ្នក ដឹកឈើទាំងនោះនាំគ្នាគេចខ្លួនអស់ មិនឃើញមាននរណាម្នាក់ ទទួលខុសត្រូវឡើយ។

លោក ឯម វិចិត្រ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា រថយន្តដឹកឈើល្មើសច្បាប់នោះ បានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច និងកំពុងទម្លាក់ចុះដីដើម្បីធ្វើការ វាស់វែង តែការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងថា អាច ជិត២០ម៉ែត្រគូប។ ក្រោយពេលធ្វើការវាស់វែងចប់ មន្រ្តីជំនាញ នឹងស្រាវជ្រាវរកម្ចាស់ឈើដើម្បីធ្វើសេចក្តីជូនដំណឹងឱ្យចូលខ្លួន ទៅបង់ផាកពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃ។ តែបើរកម្ចាស់មិនឃើញ ឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនោះ មន្ត្រី ជំនាញនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ដល់ពេលនោះ រថយន្តក៏ត្រូវបានរឹបអូសជាសម្បត្តិរដ្ឋផងដែរ៕