ព័ត៌មានជាតិ

ចាប់ក្រុមចោរ ៦នាក់ ជិះម៉ូតូពីភ្នំពេញទៅធ្វើសកម្ម ភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

image

បាត់ដំបង៖ ក្រុមចោរវ័យក្មេងមួយក្រុមមានគ្នា ៦នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០​២០ ដែលអ្នកទាំងនោះធ្ធ្វើដំណើរពីរាជធានីភ្នំពេញ។ ក្រោយក្រុមចោរធ្វើសកម្មភាព ពលរដ្ឋបានផ្ដល់ដំណឹងទៅសមត្ថកិច្ចជំនាញស្រុកមោងឬស្សី ហើយតាមបង្រ្កាបរហូតឃាត់ខ្លួនបាន ៦នាក់ ខណៈដែលក្រុមនោះជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានឱ្យដឹងថា ករណីខាងលើ ជនសង្ស័យប្រើប្រាស់ម៉ូតូចំនួន ៣គ្រឿង មានមនុស្សចំនួន ៦នាក់ ធ្វើសកម្មភាពឆក់យកថង់ប្រាក់របស់ពលរដ្ឋម្នាក់អាយុ ៤២ឆ្នាំ រស់នៅឃុំឬស្សី​ក្រាំង ស្រុកមោងឬស្សី។ នៅពេលដែលជនរងគ្រោះ កំពុងធ្វើដំណើរនៅលើផ្លូវជាតិ ពេលនោះ ពួកគេឆក់យកបានប្រាក់រៀលចំនួន ១.១៩៥.០០០រៀល(មួយលានដប់ប្រាំបួនម៉ឺនប្រាំពាន់រៀល)រួចជិះគេចខ្លួនបាត់។ 

បន្ទាប់ពីចាប់បាន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងបានមាន ប្រាក់រៀលចំនួន ១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល), ម៉ូតូចំនួន ៣គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង, ខ្សែដៃកាឡៃចំនួន១ខ្សែ, ខ្សែកប្លាទីនចំនួន ១ខ្សែ, និងចិញ្ចៀនប្លាទីនចំនួន ១វង់ ផងដែរ។

លោកអធិការ បានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើនោះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ធ្វើដំណើរទៅកាន់ខេត្តសៀមរាប សង្ស័យអត់លុយក៏ ធ្វើសកម្មភាពក្នុងទឹកដីស្រុកមោងឬស្សី។ ក្នុងពេលធ្វើដំណើរតាមផ្លូវ ក្រុមគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យសម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុងនោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីស្រ្តីរងគ្រោះម្នាក់នៅចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ រួចក៏បន្តដំណើរតាមដងផ្លូវជាតិលេខ៥៧មកដល់ក្នុងទឹកដីខេត្តបាត់ដំបង ក៏បានធ្វើសកម្មភាពនៅក្នុងទឹកដីស្រុកមោងឬស្សីម្តងទៀតតែត្រូវសមត្ថកិច្ចចាប់បាន។ 

សូមបញ្ជាក់ថា ក្រុមចោរទាំង៦នាក់នោះនគរបាលស្រុក បានរៀបចំសំណុំរឿង និងវត្ថុតាងមកកាន់ការិយាល័យជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់៕

ព័ត៌មានទាក់ទង...