តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ រៀបចំកម្មពិធីបាញ់គ្រាប់ពិតនៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងសមត្ថភាពយោធា
អត្ថបទ៖ មួង សុវណ្ណារិទ្ធ
តាកែវ៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ សហការជាមួយ ការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី ៣ បានចុះពិនិត្យមើលការងារប្រុងប្រៀបរៀបចំទីតាំងភូមិសាស្ត្រជាក់ស្តែងសម្រាប់រៀបចំកម្មវិធីបាញ់គ្រាប់ពិតរបស់កម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាឆ្នាំ២០២០នេះ ស្ថិតនៅតំបន់ស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ការចុះត្រួតពិនិត្យ ការងារប្រុងប្រៀបរៀបចំទីតាំងភូមិសាស្ត្រ សម្រាប់រៀបចំកម្មពិធី បាញ់គ្រាប់ពិតរបស់កម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។
វគ្គហ្វឹកហ្វឺននេះ រំពឹងថា នឹងផ្ដល់នូវការយល់ដឹង និងបទពិសោធន៍ល្អៗ ដែលអាចធានាបានអំពីសមត្ថភាព ជំនាញ វិជ្ជាជីវៈរបស់យោធិនយើងបានល្អបន្ថែមទៀត ទាំងក្នុងការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធ ដោយដើរទន្ទឹមគ្នានឹងការងារអប់រំចិត្តសាស្ត្រ ដល់យោធិនគ្រប់រូបឲ្យមានមនសិការ វិជ្ជាជីវៈគោរពច្បាប់វិន័យកងទ័ព ជាពិសេសបំពេញភារកិច្ចតួនាទីរបស់ខ្លួនបម្រើជាតិមាតុភូមិ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា ការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក៕