ព័ត៌មានជាតិ

អាជីវករលក់ម្ហូបអាហារតាមសួនច្បារ ត្រូវរដ្ឋបាលក្រុង ប្រាប់ឱ្យរុះរើតូប ក្រោយចប់ការលក់ដូររបស់ខ្លួនភ្លាមៗ

image

អត្ថបទ៖ តាំង សុន្នី    

កោះកុង៖ រដ្ឋបាលក្រុងថា ក្រុមអាជីករដែលសង់តូបលក់ម្ហូបអាហារនៅតាមសួនច្បារមាត់សមុទ្រ និងសួនច្បារមុខវិទ្យាល័យកោះកុង ក្នុងក្រុងខេមរភូមិន្ទ កំពុងបង្កភាពអនាធិបតេយ្យ និងពុំមានសណ្តាប់ធ្នាប់ ខណៈរដ្ឋបាលកំពុងរៀបចំដាក់ឱ្យប្រើប្រាស់ជាវិថីម្ហូបអាហារ។

ការលើកឡើងរបស់អាជ្ញាធរក្រុង នាពេលនេះ ធ្វើឱ្យក្រុមអាជីវករទាំងអស់ហាក់មិនសប្បាយចិត្ត នៅពេលរដ្ឋបាលក្រុងស្នើឱ្យមានការរុះរើតូបចេញហើយធ្វើការសម្អាតអនាម័យ ក្រោយចប់ការលក់ដូរនៅពេលរាត្រី។ ហើយការដាក់កំហិតបែបនេះ ពុំមែនជាលើកទីមួយឡើយ ពោលគឺរដ្ឋបាលក្រុងធ្លាប់ចុះអនុវត្តធ្វើការណែនាំ មកជាច្រើនលើកច្រើនសាររួចមកហើយ មុនឈានដល់ចុះអនុវត្តច្បាប់ចុះធ្វើការរុះរើ។

លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ ប្រាប់ ស៊ី អិន ស៊ី ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា គ្រប់តូប គ្រប់ទីតាំងលក់ដូររបស់អាជីវករ រដ្ឋបាលក្រុងពុំបានផ្តល់សិទ្ធិ ជួលឱ្យនោះឡើយ ហើយការបើកឱ្យមានការលក់ដូរនេះដែរ កើតឡើងដោយការស្នើសុំពីអាជីវករ ដែលគ្មានមុខរបរ។

លោកបន្តថា តបតាមការស្នើសុំពីអាជីវករ គ្រានោះរដ្ឋបាលក្រុងផ្តើមមានការយល់យោគជាមួយនឹងអាជីវករ ដោយមានកិច្ចព្រមព្រៀងគ្នា ពុំអនុញ្ញាត្តឱ្យមានការសាងសង់តូបរឹងមាំ នៅលើសួនច្បារសាធារណៈនោះឡើយ។ 

នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅលើវិថីម្ហូបអាហារក្នុងក្រុងខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំដោយលោក ឈុន សំឃីត អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងលោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ ព្រមទាំងមានអាជីវករចូលរួមចំនួន ៧៦នាក់ ស្រី ៥០នាក់នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង។

ក្នុងកិច្ចប្រជុំណែនាំនោះ ក៏មានអាជីករមួយចំនួន ត្អូញត្អែថា ពួកគាត់មិនចង់រើឡើយ ដោយហេតុថា ពួកគាត់មួយចំនួនបានសង់ជាតូបរឹងមាំ និងមានសម្ភារផ្ទះបាយ ជាច្រើនដែលបង្កផលលំបាកក្នុងការដឹកជញ្ជូនទៅមក។

ទោះជាយ៉ាងណាក្តី លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ នៅតែប្រកាន់គោលជំហរ លើការអនុវត្តច្បាប់ជានិច្ច បើអាជីវករនៅតែបន្តមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

គួរជម្រាបថា នាពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធររាជធានីខេត្តនៅទូទាំងប្រទេស ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរាយត្រឹមត្រឹម ជាពិសេសបញ្ហាការសង់សំណង់ ឬលក់ដូររបស់ប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវធ្វើអាជីកម្ម ដែលបង្កភាពអនាធិបតេយ្យ ការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាព៕

ព័ត៌មានទាក់ទង...