ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងឌូរ៉ាស់ដែលរងគ្រោះដោយសារខ្យល់ព្យុះកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩នៅកន្លែងស្នាក់នៅបណ្តោះអាសន្ន

image

ហុងឌូរ៉ាស់៖ ក្រុមមន្ត្រីនិងបុគ្គលិកផ្តល់ជំនួយបាននិយាយថា ពលរដ្ឋហុងឌូរ៉ាស់រាប់ម៉ឺននាក់ដែលរងគ្រោះដោយសារខ្យល់ព្យុះកំពុងប្រមូលផ្តុំគ្នាយ៉ាងចង្អៀតណែននៅកន្លែងស្នាក់នៅបណ្តោះអាសន្នដោយបង្កឲ្យមានការព្រួយបារម្ភពីការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩។

មនុស្សរាប់ម៉ឺននាក់នៅទូទាំងតំបន់អាមេរិកកណ្តាលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្រោយពីព្យុះកំបុងត្បូងអាយអូតា (Iota) និងអេតា (Eta) បានបង្កការបំផ្លិចបំផ្លាញចាប់តាំងពីភាគខាងត្បូងប្រទេសម៉ិកស៊ិករហូតដល់ប្រទេសប៉ាណាម៉ានៅក្នុងខែនេះ។

បុគ្គលិករបស់អង្គការផ្តល់ជំនួយអន្តរជាតិបាននិយាយថា បញ្ហាអនាម័យនៅតាមកន្លែងស្នាក់នៅបណ្តោះអាសន្ននៅទីក្រុងសាន់ ផេដ្រូ ស៊ូឡា (San Pedro Sula) ភាគខាងជើងប្រទេសហុងឌូរ៉ាស់គឺជាការព្រួយបារម្ភយ់ា់ងខ្លាំង។

ពលរដ្ឋដែលស្នាក់នៅទីនោះត្រូវបានគេមើលឃើញថាមិនមានរក្សាគម្លាតសុវត្ថិភាព ហើយមានមួយចំនួនតូចប៉ុណ្ណោះដែលពាក់ម៉ាសមុខ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា មានមនុស្សជាង៥៥,០០០នាក់កំពុងស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៥៣៥កន្លែងនៅទូទាំងប្រទេសហុងឌូរ៉ាស់គិតត្រឹមថ្ងៃចន្ទ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសហុងឌូរ៉ាស់មានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង១០៣,០០០នាក់និងអ្នកបាត់បង់ជីវិតជាង២,៣០០នាក់៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...