ព័ត៌មានអន្តរជាតិ

ប្រធានអង្គការសុខភាពពិភពលោកបដិសេធថាមិនបានគាំទ្រក្រុមមេដឹកនាំចលនារំដោះប្រដាប់អាវុធនៅតំបន់ទីគ្រេ​ (Tigray) ទេ

image

សាច់រឿង៖លោក​ តេដ្រូ​ អាថាណុម​ ហ្គេប្រេយេស៊ូស​ (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក​ បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយប្រមុខកងទ័ពប្រទេសអេត្យូពី​ ដែលថា​លោកបានជួយចលនារំដោះប្រដាប់អាវុធក្នុងតំបន់ទីគ្រេ​ (Tigray) ឲ្យទទួលបានអាវុធដេីម្បីប្រយុទ្ធជាមួយកងកម្លាំងកងទ័ពអេត្យូពី។ 

លោក​ តេដ្រូ​ មានជាប់សែស្រឡាយពលរដ្ឋក្នុងតំបន់ទីគ្រេ​ (Tigray) និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅក្នុងរដ្ឋាភិបាលអេត្យូពីមុន​ ដែលត្រូវបានដឹកនាំដោយគណបក្សរណសិរ្សរំដោះប្រជាជនទីគ្រេ​ (Tigray) ដែលជាចលនារំដោះប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយ។ 

លោក​ តេដ្រូ​ បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ​ (Twitter) ថា «មានរបាយការណ៍ជាច្រើនបានលើកឡើងថា​ ខ្ញុំបានគាំទ្រភាគីម្ខាងក្នុងស្ថានភាពនេះ​ ប៉ុន្តែនេះមិនមែនជាការពិតទេ»។ លោកបានបន្ថែមថា «ខ្ញុំចង់និយាយថា​ ខ្ញុំគាំទ្រភាគីតែមួយគត់​ នោះគឺសន្តិភាព»។ 

ការបដិសេធរបស់​ប្រធានអង្គការសុខភាពពិភពលោកបានធ្វើឡើងបន្ទាប់ពី​ ប្រមុខកងទ័ពអេត្យូពី​ ឧត្តមសេនីយ៍ បឺអានូ​ ជូឡា​ (Berhanu Jula) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក តេដ្រូ បានព្យាយាមធ្វេីសកម្មភាពគ្រប់បែបយ៉ាងតាមតែអាចទៅរួចដេីម្បីគាំទ្រចលនារំដោះប្រដាប់អាវុធក្នុងតំបន់ទីគ្រេ​ (Tigray) និងជួយចលនានេះឲ្យទទួលបានអាវុធ។

ប៉ុន្តែទោះជាយ៉ាងណា​ ប្រមុខកងទ័ពអេត្យូពី​រូបនេះមិនបានផ្តល់ព័ស្ដុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់របស់គាត់ទេ។

មនុស្សរាប់រយនាក់ហេីយបានស្លាប់នៅក្នុងជម្លោះក្នុងតំបន់ទីគ្រេ​ (Tigray)​ រវាងចលនារំដោះប្រដាប់អាវុធក្នុងតំបន់នេះ​ និងកងកម្លាំងរដ្ឋាភិបាលអេត្យូពី​ ចាប់តាំងពីដើមខែវិច្ឆិកាមក៕

ព័ត៌មានទាក់ទង...