ព័ត៌មានអន្តរជាតិ

ចំនួនពលរដ្ឋអាមេរិកដែលដាក់ពាក្យសុំប្រាក់ជំនួយអត់ការងារធ្វេីប្រចាំសប្ដាហ៍ឡេីងដល់ជាង៧៤ម៉ឺននាក់

image

សាច់រឿង៖ចំនួនអ្នកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីនៅក្នុងអាមេរិកបានកើនឡើងដល់ជាង៧៤ម៉ឺននាក់កាលពីសប្តាហ៍មុន​ ខណៈដែលទីផ្សារការងារចាប់ផ្ដេីមងើបឡើងវិញសន្សឹមៗចំពេលដែលករណីឆ្លងថ្មីរបស់វីរុសកូវីដ១៩កំពុងកើនឡើង។

ក្រសួងការងារអាមេរិក​បានរាយការណ៍ថា​ ក្នុងសប្តាហ៍មុនដែលបញ្ចប់នៅថ្ងៃទី១៤ ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីមានចំនួន ៧៤២.០០០ នាក់​ ដោយបានកើនឡើង ៣១.០០០ នាក់បេីធៀបនឹងសប្ដាហ៍មុនមួយទៀតដែលចំនួនអ្នកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីមានចំនួន​ ៧១១.០០០ នាក់។ 

ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកបានរាយការណ៍ដោយស្រង់ទិន្នន័យរបស់ការសិក្សាមួយថា​ ពលរដ្ឋអាមេរិកប្រហែល១២លាននាក់ត្រូវបានព្យាករថានឹងលែងទទួលបានប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីតទៅទៀតហេីយចាប់ពីថ្ងៃទី២៧​ ខែធ្នូ។ 

កំណេីនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិចលេខ១លេីពិភពលោកនេះបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ 

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យចនហបគីនស៍​ (Johns Hopkins) មនុស្សចំនួន​ ១១.៦៤៧.៩៣០ នាក់បានឆ្លងវីរុសកូវីដ១៩នៅអាមេរិក​ ហេីយអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន ២៥១.៧៥៦ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍៕

ព័ត៌មានទាក់ទង...