ព័ត៌មានអន្តរជាតិ

ហុងគ្រីជាប្រទេសទី១នៅអឺរ៉ុបដែលនាំចូលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់រុស្ស៊ីដេីម្បីធ្វេីការសាកល្បង

image

សាច់រឿង៖ហុងគ្រីបានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប​ដែលបាននាំចូលដូសដំបូងនៃវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ​ ស្ពុតនីក​ វី​ (Sputnik V) របស់រុស្ស៊ី​ កាលពីថ្ងៃព្រហស្បតិ៍។ 

ប្រទេសហុងគ្រីគ្រោងនឹងធ្វើការសាកល្បង​ ហេីយប្រហែលជានឹងផលិតវ៉ាក់សាំងរបស់រុស្ស៊ីនេះ​ ដែលជាសកម្មភាពមួយមិនធ្លាប់មានពីមុនមកសម្រាប់រដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ក្រោមច្បាប់របស់សហភាពអ៊ឺរ៉ុប វ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V) ត្រូវតែទទួលបានការអនុញ្ញាតពីទីភ្នាក់ងារឱសថអឺរ៉ុបជាមុនសិន​ មុននឹងត្រូវបានដាក់លក់នៅក្នុងរដ្ឋជាសមាជិកណាមួយនៃប្លុកមួយនេះដែលមានសមាជិក២៧ប្រទេស។

សម្រាប់ហុងគ្រី​ ការនាំចូលវ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V) របស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃផែនការដែលអាចនាំឱ្យទៅដល់ការនាំចូលកាន់តែច្រើន​ និងការផលិតទ្រង់ទ្រាយធំក្នុងស្រុកនៅឆ្នាំក្រោយប្រសិនបើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩នេះបង្ហាញថា​ «មានសុវត្ថិភាព» និង «ប្រសិទ្ធភាព»។ 

គេរំពឹងថា​ វ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V)​ នឹងត្រូវបានសាកល្បង​ និងផលិតនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោកក្រៅពីប្រទេសរុស្ស៊ី​ ដែលមានដូចជាប្រទេសប្រេស៊ីល,​ ម៉ិកស៊ិក,​ ហ្វីលីពីន​ និង​ អេមីរ៉ាតអារ៉ាប់រួម​។

មូលនិធិវិនិយោគដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា​ លទ្ធផលនៃការសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V)​ មានប្រសិទ្ធភាព ៩២% ក្នុងការប្រឆាំងនឹងវីរុសកូវីដ១៩​ ហើយប្រទេសរុស្ស៊ីកំពុងត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនេះទ្រង់ទ្រាយធំ៕

ព័ត៌មានទាក់ទង...