ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជារកឃើញករណីនាំចូលកូវីដ១៩ចំនួន ១នាក់ និងជាសះស្បើយ១នាក់ដែលប៉ះពាល់ព្រឹត្តិការណ៍៣វិច្ឆិកា

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា មានករណីនាំចូលកូវីដ១៩ ចំនួន ១នាក់ និងមានអ្នកជាសះស្បើយចំនួន ១នាក់ នៅថ្ងៃនេះ។

ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី គឺជាបុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ បុរសនេះ ត្រូវបានឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

អ្នកជាសះស្បើយ គឺលោក ស ចិត្រា អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា ដោយទទួលលទ្ធផលអវិជ្ជមាន ២ដង និងត្រូវអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សរុបតួលេខអ្នកមានជំងឺកូវីដ១៩ នៅកម្ពុជាមាន ៣០៥ នាក់ (ស្ត្រី៦២ នាក់ និងបុរស ២៤៣ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៩៥ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ០៨នាក់ ជាបុរស ៧នាក់ និងស្ត្រី ១ នាក់ ហើយសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ ចំនួន ២នាក់ ជាបុរស ១នាក់ និងស្ត្រី ១នាក់៕

អត្ថបទ៖ លាភ

ព័ត៌មានទាក់ទង...