ព័ត៌មានអន្តរជាតិ

លោក បាហ្សា អាល់អាសាដ ចុះទៅសួរសុខទុក្ខកងទ័ពនៅសង្កាត់សាក់បា ដែលទើបនឹងដណ្តើមបានមកវិញនៅក្នុងតំបន់ហ្គូតាខាងកើត

image



កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីបានចាក់ផ្សាយរូបភាពរបស់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់អាសាដ (Bashar al-Assad) ដែលបានចុះទៅសួរសុខទុក្ខកងទ័ពនៅបន្ទាត់ជួរមុខនៅក្នុងសង្កាត់ថ្មីមួយដែលទើបនឹងដណ្តើមបានមកវិញពីក្រុមឧទ្ទាមនៅក្នុងតំបន់ហ្គូតាខាងកើត ក្បែររដ្ឋធានីដាម៉ាស់។


រូបភាពនោះបានបង្ហាញឲ្យឃើញថា កងទ័ពស៊ីរីមានអារម្មណ៍សប្បាយរីករាយ និងចូលរួមអបអរសាទរយ៉ាងខ្លាំងចំពោះវត្តមានរបស់លោក អាសាដ នៅក្នុងតំបន់នោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរីបាននិយាយថា កងទ័ពស៊ីរី និងកងជីវពលសម្ព័ន្ធមិត្តដណ្តើមបានមកវិញនូវសង្កាត់សាក់បា (Saqba) ដែលស្ថិតនៅក្នុងភាគខាងត្បូងតំបន់ហ្គូតាខាងកើតនៅក្នុងប្រតិបត្តិការយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។


ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរីបាននិយាយថា រដ្ឋាភិបាលស៊ីរីបានគ្រប់គ្រងតំបន់ហ្គូតាខាងកើតជាង៨០%ហើយ ខណៈដែលតំបន់នេះបានក្លាយជាបន្ទាយរបស់ក្រុមឧទ្ទាមចាប់តាំងពីឆ្នាំ២០១២មក។
នៅថ្ងៃអាទិត្យដដែលនោះ ពលរដ្ឋជាច្រើនបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅក្នុងសង្កាត់សាក់បា (Saqba) ដែលនៅតាមផ្លូវគឺពោរពេញទៅដោយកំទេចកំទីថ្ម និងអគារជាច្រើនដែលរងការខូចខាត៕

ព័ត៌មានទាក់ទង...