ព័ត៌មានជាតិ

ម្ចាស់ទីតាំងស្តុក អេតចាយ ដែលរំលោភយកដីមាត់ព្រែកធ្វើអាជីកម្ម នៅស្រុកកំពង់ត្រាច សន្យាថា នឹងរើចេញនៅដំណាច់ខែវិច្ឆិការនេះ

image

 

អត្ថបទ៖ ង៉ុង សាន់  

កំពត៖ ក្រោយមានការចុះផ្សាយព័ត៌មានពីទីតាំងស្តុកអេតចាយសង្ស័យគ្មានច្បាប់មួយកន្លែងមានទីតាំងនៅភូមិកោះគ្រឹះស្នារ ឃុំស្វាយទងខាងត្បួង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលគេដឹងថា ជារបស់ឈ្មោះ អុង ភា ដែលកំពុងរំលោភធ្ងន់ធ្ងរដល់ដីជាប់មាត់ព្រែក បានចូលរូមបំផ្លាញជីវិតជីវៈចម្រុះក្នុងព្រែក និងបង្កភាពកង្វក់ដល់បរិស្ថានទេសចរណ៍នៅជុំវិញផងនោះ ត្រូវបានម្ចាស់ទីតាំងខាងលើសន្យាថា នឹងដកចេញនៅចុងខែវិច្ឆិកានេះ ក្រោយមានការអន្តាគមន៍ពីអាជ្ញាធរស្រុកកំពង់ត្រាច។

ការសន្យានេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្រុកកំពង់ត្រាច កោះហៅម្ចាស់ទីតាំងនោះមកដោះស្រាយគ្នា កាលពីថ្ងៃច័ន្ទទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ កន្លងទៅ ដោយមានលោក ឃឹម សាម៉ីអភិបាលរងស្រុកកំពង់ត្រាច ទទួលផែនបរិស្ថាន ជាអ្នកដំណើរការរឿងនេះ។

គួរបញ្ជាក់ថា គំនរទីតាំងខាងលើសព្វថ្ងៃបាន និងកំពុងទាក់ទាញភ្នែកអ្នកដំណើរជាច្រើននាក់ ដែលបានឆ្លងកាត់ ភូមិកោះគ្រឹះស្នារ ឃុំស្វាយទងខាងត្បួង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចស្ពានដែក ព្រំប្រទល់ខេត្តកំពតនិងខេត្តកែប បានចោលភ្នែកទៅមើលគំនរស្តុកអេតចាយដែលគរដូចភ្នំ សំបូរទៅដោយដែក សំបកកំប៉ុង ជ័រផ្លាស់ស្ទីក និងក្រដាសដែលដឹកមកពីគ្រប់ទិសទីផងដែរនោះ បាននឹកហួសចិត្តជាខ្លាំងព្រោះទីតាំងនេះធ្លាប់ទីជាទីឋានល្អស្អាត។

លោក ឃឹម សាម៉ី  អភិបាលរងស្រុកកំពង់ត្រាច បានឲ្យភ្នាក់ងារ CNC ដឹងថា ពិតជាមានការព្យាយាមយកទីតាំងតាមដងព្រែកនោះ សម្រាប់ធ្វើជាកន្លែងចុះឥវ៉ាន់អេតចាយពិតប្រាកដមែន ហើយកន្លងមកលោកក៏បានចុះបង្រ្កាបផងដែរ ដោយម្ចាស់គំនរអេតចាយនោះព្យាយាមធ្វើជាសំណង់រឹងមាំ និងបិទផ្លូវតាមដងព្រែកនោះធ្វើជាកម្មសិទ្ធិថែមទៀតផង។ 

លោកបានបញ្ជាក់ទៀតថា អាជ្ញាធរមិនឲ្យមានការតាំងស្តុកជាអចិន្ត្រៃយ៍នោះទេ ព្រោះនាំឲ្យប៉ះពាល់ធ្ងល់ធ្ងរដល់បរិស្ថាន ទេសចរណ៍ និងជីវៈចម្រុះនៅតំបន់ដងព្រែកនោះ៕

ព័ត៌មានទាក់ទង...