ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ព្រមានអ្នកបើកល្បែងស៊ីសង ឱ្យបញ្ឈប់សកម្មភាព បើនៅតែប្រព្រឹត្ត នឹងចាត់ការតាមច្បាប់

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា បានចុះបង្ក្រាបទីតាំងឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មីកំបូល(ក្បែរផ្សារកំបូល) ដែលបើកលេងឆ្នោតវៀតណាមខុសច្បាប់ គ្មានខ្លាចក្រែងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋានឡើយ ដោយសំអាងឡូហ្គោ 888។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា ក្រោយទទួលដំណឹងពីពលរដ្ឋ លោកបានចាត់ឱ្យអភិបាលរងលោក ហោ វាសនា ចុះធ្វើការស៊ើបអង្កេតដឹងការពិត ហើយក៏ឈានដល់ការបង្ក្រាប។ លោកបន្តថា ទីតាំងនេះ ធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត និងលួចលាក់ធ្វើអាជីវកម្មឆ្នោតវៀតណាមខុសច្បាប់។ 

ក្នុងប្រតិបត្តិការ សមត្ថកិច្ច រកឃើញភ័ស្ដុតាង ហើយម្ចាស់អាជីវកម្ម ត្រូវបានណែនាំឱ្យបញ្ឈប់សកម្មភាព និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស បើនៅតែមិនរាងចាល នឹងត្រូវអនុវត្តតាមនីតិវិធីទៅតុលាការ។ ក្នុងនោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកដល់អ្នកបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផ្សេងទៀត បើនៅតែប្រព្រឹត្ត នឹងប្រឈមចំពោះមុខច្បាប់។

គួរបញ្ជាក់ថា កន្លងទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរម្លឹកដល់អាជ្ញាធរខណ្ឌទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ តាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕


ព័ត៌មានទាក់ទង...