ចិនផ្តល់សម្ភារៈអេឡិចត្រូនិកជូនវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា តម្លៃជាង ៧ម៉ឺនដុល្លារ
| ព័ត៌មានជាតិ
SHARE

សាធារណរដ្ឋប្រជាមានិតចិនតាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់សម្ភារៈអេឡិចត្រូនិក និង IT ជូនដល់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ដែលមានតម្លៃសរុបចំនួនប្រមាណ ៧៥.៥៨៥ដុល្លារអាមេរិក។

ការប្រគល់សម្ភារៈនេះ ធ្វើឡើងតាមសំណើរបស់វិទ្យាស្ថាន ដែលបានស្នើទៅស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការរបស់វិទ្យាស្ថាន និងការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីការទូត និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ទាប់ពីវិទ្យាស្ថានត្រូវបានដាក់សម្ពោធជាផ្លូវការក្រោមវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ។

តំណាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា បញ្ជាក់ថា
អំណោយរបស់ប្រទេសចិននៅពេលនេះ បានចូលរួមចំណែកដល់ការធ្វើឲ្យគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មានចីរភាព និងពង្រឹងសមត្ថភាពដំណើរការរបស់វិទ្យាស្ថាន។ ការគាំទ្ររបស់ប្រទេសចិននេះ ឆ្លើយតបនឹងតម្រូវការរបស់វិទ្យាស្ថាន ក្នុងការពង្រឹងសមត្ថភាពអ្នកការទូតអាជីពរបស់កម្ពុជា លើផ្នែក ICT, Digital Economy និងការទូត ព្រមទាំងអនុញ្ញាតឲ្យវិទ្យាស្ថានពង្រឹងសកម្មភាពទំនាក់ទំនាក់សាធារណៈ និងសកម្មភាពបណ្តុះបណ្តាល ស្តីពី Communication Skill ។អំណោយទាំងនេះក៏ជាសក្ខីភាពនៃការគាំទ្ររបស់មិត្តចិននៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ ចូលរួមចំណែកក្នុងការប្រារព្ធខួបលើកទី ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន នៅឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីកសាងសមត្ថភាពវិជ្ជាជីវៈក្នុងជួរមន្ត្រីការទូតកម្ពុជា ឲ្យក្លាយជាយុទ្ធជនដ៏មុតស្រួច ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការងារការទូតពិភពលោក ដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញឡើង ជាពិសេសដើម្បីលើកកម្ពស់ភាពជាម្ចាស់ការ និងតួនាទីដ៏សំខាន់ និងសកម្មរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងពិភពលោក ដើម្បីបម្រើផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ ដើម្បីឲ្យបានស្មើភាព និងស្មើសិទ្ធិនៅលើវេទិកាអន្តរជាតិ៕

អត្ថបទ ៖ ចេង ឆហួត និងរូបភាព ៖ អេងសុគុណ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation