ព័ត៌មានជាតិ

សម្ដេច ហ៊ុនសែន បញ្ជាឱ្យផ្អាកពិធីអាពាហ៍ពិពាហ៍ ការជួបជុំ និងការរៀនរបស់សិស្សថ្នាក់ទី១២ នៅភ្នំពេញនិងសៀមរាប

image

ភ្នំពេញ-សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ដោយត្រូវធ្វើការផ្អាកនូវពិធីអាពាហ៍ពិពាហ៍ រាល់សកម្មភាពជួបជុំដែលមានមនុស្សលើសពី ២០នាក់ និងការសិក្សារបស់សិស្សថ្នាក់ទី១២ ជាបណ្ដោះអាសន្នរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែធ្នូតទៅ ដើម្បីបង្ការការឆ្លងរាលដាលវីរុសកូវីដ១៩ក្នុងសហគមន៍។

បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការណែនាំពីអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងកូវីដ១៩ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ចំពោះការជួបជុំដែលតិចជាង ២០នាក់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល។ ការចេញទៅខាងក្រៅដែលមិនចាំបាច់ ក៏មិនគួរចេញនោះទេ ហើយសិស្សថ្នាក់ទី១២ ក៏តម្រូវឱ្យផ្អាកការសិក្សាក្នុងថ្នាក់ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ផងដែរ៕