សុខភាព

​ពលរដ្ឋក្នុងស្រុកកូនមុំ សាទរចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលតែងតែគិតគូរអំពីសុខុមាលភាពរបស់ពួកគាត់

image

(រតនគិរី)៖ ប្រជាពលរដ្ឋ រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពកូនមុំ ស្រុកកូនមុំ ខេត្តរតនគិរី សម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខុមាលភាពរបស់ពួកគាត់ដល់មូលដ្ឋានតែម្តង។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពកូនមុំ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូពេទ្យក្នុងមណ្ឌលសុខភាពនេះ ក៏ដូចជាលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ក្នុងខេត្តរតនគិរី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការពិនិត្យព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើការគ្មានថ្ងៃ គ្មានយប់ គ្មានថ្ងៃឈប់សម្រាក ដោយពុំមិនខ្លាចការនឿយហត់ទាំងអស់។

ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកូនមុំនេះ ដែលជានិច្ចជាកាល សម្តេចតេជោ តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខុមាលភាពនេះរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឲ្យមានអ្វីៗដូចសព្វថ្ងៃនេះ។


សូមបញ្ជាក់ថា ក្នុងដំណើរការចុះបំពេញបេសកម្ម ក្នុងទឹកដីនៃខេត្តរតនគិរី ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ តែងតែបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្ត ចុះពិនិត្យព្យាបាល និងព្យាបាលជូនដល់ប្រជាពលរដ្ឋគ្រប់ ក្រុង-ស្រុក ទាំង៩ ក្នុងខេត្តរតនគិរី៕ (អត្ថបទ៖ ប៉េស សារី)