ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត ៣គីឡូក្រាម នាំចេញពីកម្ពុជា ទៅនូវែលហ្សីឡង់ និងអូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ 

image

ភ្នំពេញ៖ នគរបាលជំនាញ និងមន្ត្រីគយ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជាទៅ ប្រទេសនូវែលហ្សីឡង់ និងអូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ ដោយរឹបអូសបានគ្រឿងញៀនជិត ៣គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅនូវែលហ្សីឡង់ និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ៣លើកជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ករណីនេះបានឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប ២៥៤៩.៧៧ក្រាម។ 

របាយការណ៍បន្តថា ករណីនេះ លើកទី១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ (Cargo) នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥.៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង ២កំណាត់។ 

លើកទី២ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ (Cargo) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩៥.៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមាព្រះពុទ្ធរូប ឈើ២ព្រះអង្គ។

លើកទី៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ លឿង សៀងហៃ ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន) និងឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)។ ក្នុងនោះដោយរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១០៤៨.៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមា ៤អង្គ (ព្រះកេស១, ព្រហ្ម ២ រូបព្រះបាទជ័យវរ្ម័ន១អង្គ)។

បន្ទាប់មកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេខ្លោងម្នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២០.២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរីចំនួន២ និងដំបងឈើ ២កំណាត់ ៣គូ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕