ព័ត៌មានជាតិ

មៀនប៉ៃលិន កំពុងមានទីផ្សារ តែនៅខ្វះឯកសារច្បាប់សម្រាប់នាំចេញទៅក្រៅប្រទេស

image

ប៉ៃលិន៖ ដំណាំមៀនប៉ៃលិន គឺជាដំណាំមួយប្រភេទកំពុងមានសក្តានុពលខ្លាំងនៅក្នុងខេត្តប៉ៃលិននាពេលបច្ចុប្បន្ន ហើយដំណាំនេះ ក៏កំពុងមានទីផ្សារផងដែរសម្រាប់ការនាំចេញទៅបរទេស។ បច្ចុប្បន្នមានក្រុមហ៊ុនចិនមួយ កំពុងត្រៀមប្រមូលទិញមៀនប៉ៃលិនស្រស់នាំទៅប្រទេសចិន ដោយបានសាងសង់រោងចក្រវេចខ្ចប់រួចរាល់ហើយនៅក្នុងខេត្តប៉ៃលិន ដែលរោងចក្រនោះ បានចំណាយអស់ថវិកាចំនួន ៣លានដុល្លារ និងត្រៀមប្រើកម្លាំងពលកម្មចំនួន ២០០នាក់ ដែលមានឡសម្ងួតបានរាប់សិបតោនក្នុងមួយម៉ោង។ ប៉ុន្តែគម្រោងនៃការនាំចេញនេះ ត្រូវបានរាំងស្ទះ ដោយសារកម្ពុជាខ្វះឯកសារច្បាប់សម្រាប់នាំចេញជាមួយប្រទេសចិន។

បញ្ហានេះ សហគមន៍មៀនប៉ៃលិន និងកសិករ បានទទូចដល់រាជរដ្ឋាភិបាល ពន្លឿនឯកសារច្បាប់នាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់ ខណៈកំណើនទិន្នផលមៀនប៉ៃលិនកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែទីផ្សារសម្រាប់នាំចេញ ត្រូវបានរំពឹងតែតាមរយៈប្រទេសថៃប៉ុណ្ណោះ ដែលមានតម្លៃទាប។ 

កសិករដែលដាំមៀនប៉ៃលិន បាននិងកំពុងទន្ទឹងរង់ចាំឯកសារច្បាប់សម្រាប់ការនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិនយ៉ាងអន្ទះសាបំផុត ហើយកសិករដាំដំណាំប្រភេទនេះ ចង់ឱ្យមានការនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិនដោយផ្ទាល់ ចៀសវៀងពឹងទៅលើប្រទេសថៃ ដែលជាស្ពាន មុននឹងទៅដល់ប្រទេសចិន។

ក្នុងឱកាសស្វែងយល់ពីសក្តានុពលនៃដំណាំមៀនប៉ៃលិនរបស់ក្រុមអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គការ GRET នៅកម្ពុជា នាចុងសប្តាហ៍នេះ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិនបានលើកឡើងថា គម្រោងនៃការនាំចេមៀនប៉ៃលិនទៅកាន់ប្រទេសចិន ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនមានឯកសារច្បាប់សម្រាប់នាំចេញ ដែលការរំពឹងទុករបស់អ្នកដាំដំណាំមៀនប៉ៃលិន ត្រូវបានខកចិត្តជាខ្លាំង។ ក្នុងឆ្នាំនេះផ្លែមៀនប៉ៃលិនដែលប្រមូលពីកសិករក្នុងសហគមន៍នៅខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ មានបរិមាណជាង ២ម៉ឺន៥ពាន់តោន ប៉ុន្តែសម្រាប់កិច្ចសន្យានាំចេញទៅក្រៅប្រទេសតាមរយៈច្រកប្រទេសថៃ គឺមានតែប្រមាណ ចំនួន ៨ពាន់តោនប៉ុណ្ណោះ ចំណែកនៅសល់ពីនេះ គឺសម្រាប់ទីផ្សារក្នុងស្រុក ដែលនេះជាបញ្ហានៃមៀនប៉ៃលិនដែលនៅតែមានតម្លៃទាប ដោយសារតែកម្ពុជា មិនមានរោងចក្រសម្រាប់កែច្នៃផលិតផលមៀន។ 

លោក សារ ចំរើន បានឱ្យដឹងថា ការនាំចេញផ្លែមៀនប៉ៃលិនស្រស់នាពេលបច្ចុប្បន្នកំពុងជួបការលំបាកគឺ លក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់អនាម័យ និងភូតគាមអនាម័យ(SPS),  លក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់កសិផលសុវត្ថិភាព និងគុណភាព(GAP) និងលក្ខខណ្ឌវិញ្ញាបណ្ណបត្របញ្ជាក់គុណភាពស្តង់ដារអន្តរជាតិ(ISO)។ ទោះជាបែបនេះក្តី ក៏អ្នកបញ្ជាទិញបានទទួលស្គាល់អំពីគុណភាពរបស់មៀនប៉ៃលិន រួចទៅហើយ ដែលបច្ចុប្បន្នឈ្មួញហ៊ានទិញពីកសិករក្នុងតម្លៃរហូតដល់ ៤.០០០រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំទៅបានត្រឹមតែក្នុងចន្លោះពី ២.៥០០ ទៅ៣.០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក ជន ញ៉ន ជាអ្នកដាំមៀនប៉ៃលិនប្រមាណ ៣.០០០ដើម បានស្នើរដល់រាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឱ្យពន្លឿនឯកសារច្បាប់សម្រាប់ការនាំចេញទៅប្រទេសចិន ឱ្យបានឆាប់ដើម្បីឱ្យក្រុមហ៊ុននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោកថា មានតែមធ្យោបាយនេះទេ ដែលអាចជួយឱ្យកសិករឱ្យទទួលបានផលចំណេញពីការដាំមៀនប៉ៃលិន និងជាការជួយកាត់បន្ថយផ្នែកកម្រៃជើងសារ និងការចំណាយទៅលើកម្លាំងពលកម្មជាដើម។ ម្យ៉ាងវិញទៀត ការជួយពន្លឿនឯកសារច្បាប់សម្រាប់នាំចេញទៅកាន់ប្រទេសចិននេះ គឺជាការជួយស្រោចស្រង់ដល់អ្នកដាំដំណាំមៀនប៉ៃលិនមួយចំនូនដែលកំពុងខាតបង់ ឬក្ស័យធនដោយសារតែពិបាករកទីផ្សារលក់ ឬលក់ក្នុងតម្លៃទាបមិនទទួលបានផលចំណេញ។

ឆ្លើយតបជុំវិញសំណើរនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រសួង កំពុងតាក់តែងឯកសារជិតចប់ហើយដើម្បីត្រៀបបើកផ្លូវឱ្យមានការនាំចេញមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។ ចំណែកក្រសួងពាណិជ្ជកម្ម ក៏កំពុងចរចាពាណិជ្ជកម្មជាមួយភាគីចិនដោយផ្ទាល់ផងដែរ ដោយរំពឹងថា នឹងអាចចេញរួចនៅក្នុងឆ្នាំ២០២១។ 

សូមបញ្ជាក់ថា មៀនប៉ៃលិន គឺជារុក្ខជាតិព្រៃមួយប្រភេទដែលដុះក្នុងទឹកដីខេត្តប៉ៃលិន និងត្រូវបានរកឃើញក្នុងអំឡុងទស្សវត្សន៍ទី៦០ ក្រោយមកត្រូវបានគេយកវាទៅបង្កាត់ឱ្យវាមានផ្លែធំដូចបច្ចុប្បន្ន ដែលកាលពីដើមផ្លែមានទំហំតូចប៉ុនម្រាមដៃ ហើយក៏ត្រូវបានប្រជាជនហៅថា មៀនព្រៃពីពេលនោះមក។ ដោយសារវត្តមាន និងគុណភាពឱជារសនៃឈើហូបផ្លែមួយនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងតំបន់នោះ បានឯកភាពគ្នាកំណត់ដាក់ឈ្មោះថា «មៀនប៉ៃលិន» ដើម្បីជាការសម្គាល់ទីតាំង បើទោះបីជាបច្ចុប្បន្ន ត្រូវគេដាំនៅតាមបណ្តាខេត្តផ្សេង ដែលស្ថានភាពដីអំណោយផលទៅនឹងរុក្ខជាតិមួយនេះដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាដើម។ 

បើតាមការអះអាងរបស់លោក សួន ជុំ ប្រជាកសិករដាំដំណាំមៀនប៉ៃលិនគំរូនៅក្នុងសហគមន៍មៀនប៉ៃលិន បានឱ្យដឹងថា ដំណាំមៀនប៉ៃលិន ងាយស្រួលដាំ និងមើលថែ ប្រសិនមានប្រភពទឹកគ្រប់គ្រាន់ ហើយដំណាំនេះអាចកំណត់ពេលវេលាជាក់លាក់ឱ្យវាផ្កាផ្លែពេលណាក៏បានតាមតម្រូវការ ឬទីផ្សារបញ្ជាទិញ។ មៀនប៉លិននេះ គេចាប់ផ្តើមប្រមូលផលវានៅអាយុ ៣ឆ្នាំឡើងទៅ ហើយអាយុកាន់តែច្រើនមែកវាមានសាខាកាន់តែធំ ការឱ្យផលក៏ច្រើនដែរ។ ក្នុងឆ្នាំដំបូង អាចបានទិន្នផលពី៧០ទៅ៨០គីឡូក្រាមក្នុងមួយដើម និងនៅពេលដើមមានអាយុចាប់ពី៥ឆ្នាំឡើងទៅ អាចទទួលទិន្នផលបានរហូតចន្លោះពី១៥០ទៅ២០០គីឡូក្រាម ក្នុងមួយដើមឬច្រើនជាងនេះប្រសិនមានកាថែទាំបានដិតដល់។

មៀនប៉ៃលិននេះអាជ្ញាធរគ្រោងឱ្យមានការឯកភាពគ្នាធ្វើការការចុះបញ្ជីម៉ាកសញ្ញាលើផលិតផលសម្គាល់ភូមិសាស្ត្រ(GI)លើដំណាំកសិកម្មរបស់កម្ពុជាមួយនេះ ដូចគ្នាទៅនឹងម្រេចកំពត ក្រូចខ្លុងកោះទ្រង់ និងស្កត្នោតកំពង់ស្ពឺផងដែរ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសហគមន៍មៀនខេត្តប៉ៃលិន៕

ដោយ៖ គង់ ប៊ុនណា


ព័ត៌មានទាក់ទង...