ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មច្រកចេញចូលតែមួយ

image

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់សេវាកម្មច្រកចេញចូលតែមួយ ដើម្បីជួលសំរួល ការងារជូនប្រជាពលរដ្ឋក្នុងរាជធានី ។


ថ្លែងក្រោយកិច្ចប្រជុំនារសៀលថ្ងៃទី២៤ កក្កដានេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ដើម្បីជួយសំរួលក្នុងការបំរើសេវាជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធិភាព និងប្រសិទ្ធផល រដ្ឋបាលរាជធានីបានបង្កើតច្រកចេញចូលតែមួយនៅក្នុងរដ្ឋបាលរាជធានីតែម្តង សំរាប់សេវានេះនិងជួយសំរួលដល់ប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់សេវាផ្សេងៗ ក្នុងនោះទាំងពេលវេលានិងកាត់បន្ថយអំពើពុករលួយផងដែរជាពិសេសដើម្បីបំបាត់នូវភាព អសកម្មផ្សេងៗ និងដើម្បីឱ្យបាននូវតម្លាភាព។


ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្ថែមទៀតថា ការបើកដាក់ឱ្យដំណើរការសេវាច្រកចេញចូលតែមួយក្នុងរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះគឺ ដើម្បីលុបបំបាត់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលតែងមានការថ្នាំងថ្នាក់ជាពិសេសនៅពេលទៅរកសេវាកម្មផ្សេងៗ។

កាលពីមុនប្រជាពលរដ្ឋចង់ស្នើសុំសេវាកម្មអ្វីមួយគឺមានភាពសាំញាំ មានការពាក់ព័ន្ធច្រើនកន្លែង ប៉ុន្តែពេលនេះពួកគាត់ គ្រាន់តែមកស្នើសុំសេវាកម្មទាំងនេះ នៅការិយាល័យច្រកចេញចូលតែមួយជាការស្រេច។ រាល់ទម្រង់បែបបទ និងលិខិតផ្សេងៗសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដើម្បីបំពេញ ត្រូវបានរៀបចំឲ្យមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើតនិងដាក់ឱ្យដំណើរការជាផ្លូវកានូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុង ៤០ក្រុង ស្រុក ខណ្ឌគោលដៅរួចហើការិយាល័យទាំងពីរនេះនឹងត្រូវពង្រីកនៅតាមខណ្ឌ និងស្រុកគោលដៅផ្សេងៗទៀត ដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕


អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា