ព័ត៌មានជាតិ

កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេស FDI គិតជាទឹកប្រាក់មានចំនួនជាង ១,៣២ពាន់ដុល្លារ

image

(សេដ្ឋកិច្ច)៖ គិតនៅត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ ការវិនិយោគផ្ទាល់ពីបរទេស(FDI) មកប្រទេសកម្ពុជាសរុបជាទឹកប្រាក់មានជាង ១,៣២ពាន់លានដុល្លារអាមេរិក។  ចំនួននេះបានកើនឡើង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេសនេះ បានជំរុញឱ្យមានកំណើនមូលនិធិស្តុកក្នុងវិស័យហិរញ្ញវត្ថុ និងអចលទ្រព្យមានការកើនឡើងខ្ពស់នៅកម្ពុជា ដែលជាហេតុនាំឱ្យទំហំវិនិយោគផ្ទាល់មានការកើនឡើង ១៤ភាគរយគួរឱ្យគត់សម្គាល់ក្នុងរយៈពេលនេះ។

អ្នកជំនាញបន្តថា វិស័យអចលនទ្រព្យនៅតែជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានប្រទេសចិន កូរ៉េ ក្រុងហុងកុង តៃវ៉ាន់ ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ីជាដើម។


សូមបញ្ជាក់ថា ការទាក់ទាញបានកំណើននៃការវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺស្របនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម IDP រយៈពេល១០ឆ្នាំ របស់រដ្ឋាភិបាល កាលពីឆ្នាំ២០១៥ ដែលបានបញ្ជាក់ពីយុទ្ធសាស្ដ្ររបស់ខ្លួន ក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្មដ៏តូចរបស់កម្ពុជា ឱ្យហួសពីវិស័យកាត់ដេរ និងការនាំចេញអង្ករ៕ (អត្ថបទ៖ អៀវ ឈៀងនី​)