ព័ត៌មានជាតិ

Latest News៖ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ជាអ្នកដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ "សហគមន៍ ២៨វិច្ឆិកា" 

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ "សហគមន៍ ២៨វិច្ឆិកា"។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ទាំង៤នាក់នោះរួមមាន៖

១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

៣៖ កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។

៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕