ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ពីការគាំទ្រចំពោះតួនាទីរបស់អង្គការ សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ 

image

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ពីការគាំទ្រយ៉ាងមោះមុតចំពោះតួនាទីរបស់អង្គការ សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកលចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លើសពីនេះទៀត សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេសដែលងាយរងគ្រោះបំផុត ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងតាមរយះសុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី "ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសអាស៊ែបៃហ្សង់ ក្នុងការស្នើឱ្យមានសម័យប្រជុំពិសេសស្តីពី "ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩" នេះ ដើម្បីប្រមូលផ្តុំការឆ្លើយតបជារួម និង សកល ពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា មកដល់បច្ចុប្បន្ន, ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត ។ ក្នុងន័យនេះ, កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ខ្លួននោះឡើយ ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ, ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហារ របស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ, សាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ ។

បន្ថែមលើនេះ សម្តេចតេជោ បានលើកឡើងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា, ប្រកបដោយភាពហ្មត់ចត់, ក្រោមយន្តការពហុភាគីនិយមអន្តរជាតិ, គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ , និងការគោរពច្បាប់, ទោះជារដ្ឋនោះ ធំ ឬ តូច, មាន ឬ ក្រ ក៏ដោយ, ដោយមាន អសប និង អង្គការសុខភាពពិភពលោក ជាស្នូល ។ 

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះ អាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ , ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈមក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។ ជាការពិត , ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបានគឺ ការបន្តរក្សាបាននូវយន្តការពហុភាគីនិយម, សកលភាវូបនីយកម្មនិយម, ពាណិជ្ជសរីភាវូបនីយកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការវិនិយោគ , ទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរជាទូទៅ ។ ក្នុងន័យនេះ, កម្ពុជាគាំទ្រពេញ ទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការ ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំនេះ៕

ព័ត៌មានទាក់ទង...