ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ព្រមានបិទក្លឹបកម្សាន្ត ខារ៉ាអូខេ ករណីល្មើសការណែនាំក្រសួងសុខាភិបាល

image

អត្ថបទ៖ តាំង សុន្នី  

កោះកុង៖ អភិបាលរងខេត្តកោះកុង ព្រមានបិទអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត ជាស្ថាពរ ករណីល្មើសនឹងសេចក្តីណែនាំក្រសួងសុខាភិបាល ក្នុងការលៈទេសៈនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ជាពិសេសក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

ការព្រមាននេះធ្វើឡើង ដោយយោងតាមការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ  បានបើកយុទ្ធនា ការចុះធ្វើការណែនាំដល់គ្រប់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ អាហារដ្ឋានខ្នាតធំ ដោយយល់ឃើញថា ទីតាំងទាំងអស់នេះបានបើកការជួបជុំជាទ្រង់ទ្រាយធំ។

លោក សំ ឃីតវៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ជាអ្នកដឹកនាំធ្វើយុទ្ធនាការនេះបានឲ្យដឹងថា លោកនឹងធ្វើការបិទជាស្ថាពរ បើ ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងឡាយណានៅតែរំលោភនូវបទបញ្ជា និងណែនាំរបស់អន្តរក្រសួង។ លោកបន្តថា គ្រប់ម្ចាស់អាជីវកម្ម ខ្លឹបកម្សាន្ត ខារ៉ាអូខេ អាហារដ្ឋានខ្នាតធំ គ្រប់រូបបានយល់ព្រម និងទទួលយកថា ខ្លួននឹងចូលរួមចំណែកអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានដាក់ចេញ។

ការបើកយុទ្ធនាការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយពេលមានការផ្ទុះព្រឹត្តិការណ៍២៨ វិច្ឆិកា ២០២០ បែបសហគមន៍នៅរាជធានីភ្នំពេញ។ 

ស្របពេលនេះក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ និងសំណូមពរឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរក្សាការប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ច ដោយតម្រូវឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ដោយឡែកនៅខេត្តកោះកុង ជាខេត្តដែលស្ថិតនៅតំបន់ឆ្ងាយ ពីរាជធានីភ្នំពេញ ពុំទាន់មានពលរដ្ឋណាម្នាក់បានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ នេះជាការបញ្ជាក់ច្បាស់ពីប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។ ប្រធានមន្ទីរសុខាភិបាលខេត្តឲ្យដឹងទៀតថា ដើម្បីចៀសផុតពីការឆ្លងរាលដាលពីវីរុស ដ៏កាចសាហាវមួយនេះ មន្ទីរសុខាភិបាលបានសហការជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ គ្រប់ក្រុង-ស្រុក ចុះបន្តយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់កូវីដ-19 នៅគ្រប់ខ្នងផ្ទះរបស់ពលរដ្ឋ៕


ព័ត៌មានទាក់ទង...