ព័ត៌មានអន្តរជាតិ

មនុស្សជាង៣០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងប្រធានាធិបតីបេឡារុស

image

មីនស្កិ៍៖ បាតុកររាប់ពាន់នាក់បានដើរក្បួននៅក្នុងរដ្ឋធានីមីនស្កិ៍នៃប្រទេសបេឡារុសនិងកន្លែងផ្សេងទៀតកាលពីថ្ងៃអាទិត្យ ខណៈដែលការតវ៉ារៀងរាល់សប្តាហ៍ដើម្បីទាមទារឲ្យលោកប្រធានាធិបតី អាឡិចសេនដឺ លូកាសេនកូ (Alexander Lukashenko) ចុះចេញពីតំណែងត្រូវបានបន្តធ្វើឡើងដោយឈានដល់ការចាប់ខ្លួនមនុស្សជាង៣០០នាក់។

ប្រទេសបេឡារុសបានស្ថិតក្នុងភាពចលាចលដែលបណ្តាលមកពីការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៩ ខែសីហាដែលលោក លូកាសេនកូ បាននិយាយថាលោកទទួលបានជ័យជំនះ។ ប៉ុន្តែក្រុមប្រឆាំងបានអះអាងថាការបោះឆ្នោតនោះត្រូវបានក្លែងបន្លំ ហើយចង់ឲ្យលោកចុះចេញពីតំណែង។

បាតុករភាគច្រើនបានហែក្បួននៅតំបន់ដាច់ស្រយាលក្នុងរដ្ឋធានីនេះដោយទះដៃ, ស្រែកពាក្យស្លោក និងកាន់ទង់ជាតិពណ៌សឆ្នូតក្រហមដែលតំណាងឲ្យចលនាប្រឆាំង។

វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញរថយន្តយោធានិងកាណុងទឹកនៅលើដងផ្លូវក្នុងរដ្ឋធានីមីនស្កិ៍ ខណៈដែលប៉ូលិសជាច្រើនបានចាប់ខ្លួនជនស៊ីវិល។

លោក លូកានសេនកូ ដែលបានកាន់អំណាចអស់រយៈពេល២៦ឆ្នាំមកហើយនោះបាននិយាយថា ក្រុមបាតុករត្រូវបានផ្តល់ការឧបត្ថម្ភគាំទ្រពីប្រទេសលោកខាងលិច និងបានបង្ហាញសញ្ញាតិចតួចនៃឆន្ទៈរបស់លោកក្នុងការចាប់ផ្តើមការចរចាជាមួយក្រុមប្រឆាំង៕

ប្រែសម្រួល៖ នីតា