ក្រុមហ៊ុនសេវារថយន្តតាក់ស៊ី Uber ផ្អាកការសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានអ្នកបាត់បង់ជីវិត
| ព័ត៌មានអន្តរជាតិ
SHARE


ក្រុមហ៊ុនសេវារថយន្តតាក់ស៊ី Uber បាននិយាយថាខ្លួនបានផ្អាកការសាកល្បងរថយន្តគ្មានមនុស្សបើកនៅក្នុងទីក្រុងទាំងអស់ក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីរថយន្តគ្មានមនុស្សបើករបស់ខ្លួនមួយគ្រឿងបានបុកស្ត្រីម្នាក់អោយស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃចន្ទ។


ស្ត្រីរងគ្រោះដែលមានវ័យ៤៩ឆ្នាំត្រូវបានរថយន្តគ្មានមនុស្សបើកនោះបុកនៅពេលដែលគាត់កំពុងបណ្ដើរកង់ឆ្លងថ្នល់នៅក្នុងទីក្រុងថេមផេ (Tempe) រដ្ឋអារីហ្សូណា (Arizona)។
ប៉ូលិសបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅពេលដែលរថយន្តសាកល្បងមួយគ្រឿងកំពុងស្ថិតនៅក្នុងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ។
ថ្វីបើរថយន្តបើកបរដោយស្វ័យប្រវត្តិ ឬរថយន្តគ្មានមនុស្សបើកធ្លាប់ជួបហេតុការណ៍គ្រោះថ្នាក់ជាច្រើនលើកពីមុនមកហើយក្ដី ប៉ុន្តែលើកនេះគឺជាករណីដំបូងហើយដែលរថយន្តប្រភេទនេះបង្កគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានអ្នកបាត់បង់ជីវិត។


ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាមេរិកដូចជា Ford, General Motors, និង Tesla កំពុងតែបោះទុនយ៉ាងសម្បើមក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ ឬរថយន្តគ្មានមនុស្សបើកដែលត្រូវបានគេមើលឃើញថាជាអនាគតនៃឧស្សាហកម្មរថយន្ត និងត្រូវបានចាត់ទុកថាជាមធ្យោបាយមួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ប៉ុន្តែទោះជាយ៉ាងណា មានការព្រមានថាបច្ចេកវិជ្ជានេះត្រូវបានគេដាក់អោយប្រតិបត្តិការនៅលើដងផ្លូវទាំងមិនទាន់ដំណើរការស្រួលពេញលេញទាំងស្រុងនៅឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation