
ប្រទះឃើញសាកសពត្រូវបានគេដាក់ក្នុងវ៉ាលី យកទៅបោះចោលក្នុងគំនរសម្រាមនៅខណ្ឌដង្កោ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅទីលានចាក់សម្រាម បានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ រួចញាត់ចូលវ៉ាលី យកទៅបោះចោលក្នុងគំនរសម្រាម នៅទីតាំងចាក់សំរាម ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះ ប្រជាពលរដ្ឋបានប្រទះឃើញនៅវេលាម៉ោងប្រមាណជា៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
ពព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ករណីនោះ មកដល់ពេលរសៀលនេះ សពបុរសរងគ្រោះនៅមិនទាន់មាននរណាស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចបានតម្កល់សពទុកនៅវត្តស្ទឹងមានជ័យ។ ទន្ទឹមនឹងនោះសមត្ថកិច្ច កំពុងស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីបញ្ជាក់ពីមូលហេតុ និងអត្តសញ្ញាណពិតប្រាកដ និងរកជនដៃដល់ផ្តន្ទាទោស តាមច្បាប់៕
