ព័ត៌មានជាតិ

អ្នកខេត្តកំពង់ធំ ប្រមាណ ២០០គ្រួសារ ប្រកបមុខរបរដាល់អំបុក រកចំណូលកក់កប ទោះបីកូវីដ-១៩ រាតត្បាតក៏ដោយ 

image

អត្ថបទ៖ កែម ចិន្ដា

កំពង់ធំ៖ មុខរបរដាល់អំបុករបស់ប្រជាពលរដ្ឋនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ប្រហែលជា ២០០គ្រួសារ បានបង្កើនចំណូលមួយចំណែក ដើម្បីបំពេញបន្ថែមនៅក្នុងជីវភាពគ្រួសាររបស់ពួកគាត់។ ការលក់អំបុកប្រចាំថ្ងៃ ធ្វើឲ្យជីវភាពរបស់ពួកគាត់ មានជីវភាពធូរធារ  ជាពិសេសបានឲ្យកូនចៅពួកគាត់បន្តការសិក្សាបានមួយកម្រិតផងដែរ។

ការប្រកបមុខរបរដាល់អំបុកលក់ជាច្រើនឆ្នាំតៗគ្នា ចាប់តាំងពីបុរាណកាល រហូតមកដល់សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋដែលប្រកបរបរដាល់អំបុក នៅតាមដងផ្លូវនេះ បានលើកឡើងថា អំបុករបស់ពួកគាត់មានរសជាតិឆ្ងាញ់ និងសុទ្ធតែថ្មីៗ និងស្រួយល្អ។ ជាមួយគ្នានេះ ការដាល់ ឬបុកអំបុកនេះគឺធ្វើនៅរដូវដែលមានស្រូវថ្មីមកដល់តែប៉ុណ្ណោះ គឺចាប់តាំងពីខែមិថុនា រហូតដល់ វិច្ឆិកា ឬខែធ្នូ ទើបឈប់ធ្វើអំបុក ព្រោះអស់ស្រូវថ្មីសម្រាប់ធ្វើ  និងជាពិសេសផុតរដូវអុំទូក អកអំបុក និងសំពះព្រះខែ ដែលជារដូវ និងពិធីបុណ្យប្រពៃណីជាតិខ្មែរ។

អ្នកស្រី ចែក ស្រីមុំ ប្រាប់ថា ជារៀងរាល់ថ្ងៃអ្នកស្រី និងស្វាមីចាប់ផ្តើមដាល់អំបុកនៅម៉ោង ៨ព្រឹក ដល់ម៉ោងជាង៥ល្ងាច។ ចំណែកប្រភេទស្រូវដែលត្រូវយកមកធ្វើជាអំបុក មានប្រភេទស្រូវរំដួល រំដួលរែងជ័យ ស្រូវដំណើប និងស្រូវសែប្រាំបួន។ អ្នកស្រីឲ្យដឹងបន្តថា ក្នុងមួយថ្ងៃអ្នកស្រីដាល់អំបុកបានពី ៨០ ទៅ១០០កំប៉ុង ដែលត្រូវចំណាយស្រូវដើម្បីយកមកផលិតប្រហែល ៣០គីឡូក្រាម។ ក្នុងតម្លៃអំបុក១កំប៉ុង មានតម្លៃ ៨០០រៀល សម្រាប់បោះឲ្យអ្នកលក់ត និងតម្លៃ១.០០០រៀល ក្នុង១កំប៉ុង សម្រាប់លក់ឲ្យទៅភ្ញៀវមកទិញទៅបរិភោគ។

រីឯ អ៊ុំស្រី ជាអ្នកទិញអំបុកយកទៅលក់បន្ត បាននិយាយថា “ខ្ញុំបានទិញពីពួកគាត់យកទៅលក់ ដោយសារតែអំបុកពួកគាត់មានរសជាតិខុសពីស្រុកផ្សេង ហើយមានក្លិនឈ្ងុយពីធម្មជាតិ។ ហើយការផលិតគឺ ពួកគាត់បានយកស្រូវថ្មីជានិច្ច មិនបានយកស្រូវចាស់មកដាល់អំបុកឡើយ។ ចំណែកខ្ញុំបានទិញពីកន្លែងពួកគាត់តម្លៃ៨០០រៀល ហើយយកទៅលក់បន្តតម្លៃពី ១.០០០រៀល ទៅ១.២០០រៀល ហើយ១ថ្ងៃអាចរកចំណូលបាន៣០.០០០រៀលប៉ុណ្ណោះ អាចដោះស្រាយជីវិភាពគ្រួសារបានគួរសម”។ 

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានប្រាប់ CNC តាមរយៈទូរស័ព្ទនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថា មុខរបរដាល់អំបុករបស់ប្រជាពលរដ្ឋនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ បានបង្កើនចំណូលមួយចំណែកទៀត ដើម្បីបំពេញបន្ថែមនៅក្នុងជីវភាពគ្រួសាររបស់ពួកគាត់ បើទោះបីប្រទេសជាតិជួបនូវវិបត្តិជំងឺកូវីដ-១៩ក្តី ក៏ពលរដ្ឋដែលបានប្រកបរបរដាល់អំបុកលក់នេះ មិនបានប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ធ្ងន់នោះដែរ។ 

ចំណែក លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ថ្លែងប្រាប់ថា ប្រជាពលរដ្ឋដែលប្រកបមុខរបរដាល់អំបុកលក់ មានចំនួនជាង ៨០គ្រួសារ ហើយពួកគាត់ ភាគច្រើនដាល់អំបុកសម្រាប់លក់រាយឲ្យប្រជាពលរដ្ឋនៅតាមភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់។ ចំណែកឯប្រជាពលរដ្ឋមួយចំនួនទៀត ដែលរស់នៅក្នុងសង្កាត់ស្រយូ ក្រុងស្ទឹងសែនវិញនោះ មានចំនួនជាង១០០គ្រួសារ ដែលប្រកបរបរដាល់អំបុកលក់សម្រាប់បោះឲ្យម៉ូយៗដែលមកទទួលទិញពីពួកគាត់យកទៅលក់ចែកចាយបន្ត៕


ព័ត៌មានទាក់ទង...