ការិយាល័យបោះឆ្នោតមួយកន្លែងក្នុងខេត្តកំពង់ចាមត្រូវបានប្តូរទីតាំងថ្មី ដោយសារទឹកទន្លេមេគង្គឡើងខ្ពស់
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម) ៖ ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ តាមរយៈមន្ត្រីការិយាល័យបោះឆ្នោត និងអាជ្ញាធរស្រុក និងខេត្តកំពង់ចាម ទៅកាន់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងទៅនេះ ការិយាល័យបោះឆ្នោតលេខ ១៣៥៥ស្ថិតនៅក្នុងភូមិកំពង់ផ្នៅ ត្រូវបានប្តូរទីតាំង ទៅកាន់ទីតាំងថ្មីស្ថិតនៅក្នុងភូមិតាង៉ក ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់ពីលោក មាន ម៉េងហ៊ួន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម។

លោក មាន ម៉េងហ៊ួន បានបញ្ជាក់ទៀតថា ការផ្លាស់ទីតាំងការិយាល័យបោះឆ្នោត លេខ១៣៥៥ ខាងលើដោយសារប្រជាពលរដ្ឋពិបាកធ្វើដំណើរខ្លាំង ក្នុងការទៅបោះឆ្នោតពីព្រោះទឹកទន្លេមេគង្គបានឡើងខ្ពស់ និងបានហូរចូលព្រែក បឹង និងលិចផ្លូវចំងាយប្រមាណ៥គីឡូម៉ែត្រទៅកាន់ទីតាំងការិយាល័យ បោះឆ្នោតលេខ ១៣៥៥ខាងលើនេះ។ ដោយឡែកនៅការិយាល័យបោះឆ្នោតមួយចំនួនតូចទៀតក៏មានការលិចផ្លូវដូចគ្នា ប៉ុន្តែប្រជាពលរដ្ឋអាចធ្វើដំណើរតាមទូក ទៅបោះឆ្នោតបានដោយសារការលិចផ្លូវតិចតួច និងមានចំងាយខ្លី ។ ហើយចំពោះការផ្លាស់ទីតាំងការិយាល័យបោះឆ្នោតខាងលើនេះគឺបានពិនិត្យ និងសម្រេចបានត្រឹមត្រូវពី គ.ជ.ប។

លោក មាន ម៉េងហ៊ួន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានឲ្យដឹងទៀតថា នៅក្នុងខេត្តកំពង់ចាមគឺមានគណៈបក្ស នយោបាយចំនួន១៩ ក្នុងចំណោមគណៈបក្សនយោបាយទាំង២០ដែលបានឈរឈ្មោះបោះឆ្នោត ហើយចំណែកការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ចាមមាន ចំនួន១៦៥៩ការិយាល័យ ហើយចាប់តាំងពីថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោតរបស់គណៈបក្សនយោបាយនានា រហូតមកដល់ថ្ងៃទី២៦កក្កដានេះ គឺមិនមានបញ្ហារការប្តឹងផ្តល់ពីគណៈបក្សនយោបាយនានា មកកាន់លេខាធិការដ្ឋានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមនៅឡើយទេ គឺបានប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា ទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៦កក្កដាឆ្នាំ២០១៨នេះ ទឹកមានកំពស់១៣.៤១ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញទឹកឡើង០.២៩ម៉ែត្រ ហើយកំពស់ទឹកនេះបានធ្វើឲ្យផ្លូវមួយចំនួនតាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមបានលិច និងត្រូវធ្វើដំណើរតាមទូក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation