ព័ត៌មានអន្តរជាតិ

នូវែលសេឡង់មានឆន្ទៈចង់ធ្វើជាអាជ្ញាកណ្តាលនៅក្នុងជម្លោះរវាងចិននិងអូស្ត្រាលី

image

វែលីងតោន៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់នូវែលសេឡេង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនូវែលសេឡង់មានឆន្ទៈចង់ជួយរៀបចំការចរចាដើម្បីបញ្ចប់ជម្លោះរវាងប្រទេសអូស្ត្រាលីនិងប្រទេសចិនដែលកំពុងស្ថិតក្នុងភាពតានតឹងផ្នែកការទូតនិងពាណិជ្ជកម្ម។

លោកស្រី ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta) បាននិយាយថាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំក្រោយបានផ្តល់ឱកាសឲ្យនូវែលសេឡង់អញ្ជើញភាគីទាំងពីរចូលតុចរចា។

ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនកាន់តែយ៉ាប់យ៉ឺនដោយសារច្បាប់ថ្មីស្តីពីការវិនិយោគនិងការជ្រៀតជ្រែកពីបរទេសរបស់ប្រទេសអូស្រ្តាលី, ការអំពាវនាវឲ្យមានការស៊ើបអង្កេតស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ និងការណ៍ដែលចិនកាត់បន្ថយការនាំចូលពីអូស្ត្រាលី។

លោកស្រី ម៉ាហ៊ូតា (Mahuta) បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថា «ខ្ញុំគិតថាប្រទេសនូវែលសេឡង់អាចធ្វើឲ្យមានការបើកការចរចាដែលអាចសម្របសម្រួលការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសដែលមានភាពតានតឹងដាក់គ្នា។»

គួរបញ្ជាក់ថាភាពតានតឹងរវាងចិននិងអូស្ត្រាលីកាន់តែអាក្រក់ទៅកាលពីខែមុនបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហោះរូបថតក្លែងក្លាយមួយសន្លឹកដែលមានរូបទាហានអូស្រ្តាលីម្នាក់កំពុងកាន់កាំបិតភ្ជង់ពីលើបំពង់ករបស់កុមារអាហ្វហ្គានីស្ថានម្នាក់។ ប្រទេសនូវែលសេឡង់ក៏បានសម្តែងការព្រួយបារម្ភជាមួយចិនទាក់ទិននឹងការប្រើប្រាស់រូបភាពនេះផងដែរ៕

ប្រែសម្រួល៖ នីតា